បុរសម្នាក់ស្លា..ប់ និងម្នាក់ទៀតរងរបួសធ្ង..ន់ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់បុរសម្នាក់ជាតៃកុងឡានបានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេ ជិតផ្លូវបំបែកទៅភ្នំសំពៅ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A- 9383 បើកបរដោយឈ្មោះ ឈុន សុបញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីជើងទៅត្បូង លុះមកនដល់ចំណុចកើតហេតុរថយន្តខូចក៏បានឈប់ចតនៅចិញ្ចើមផ្លូវនិងបានហៅជាងមកជួសជុល។ លុះមួយ សន្ទុះក្រោយមកក៏មានរថយន្តធុនធំមិនស្គាល់ម៉ាកមួយគ្រឿងផ្សេងទៀតបើកមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យអ្នកបើកបរដែលកំពុងបើកទ្វាររថយន្តស្លាប់ភ្លាមៗ ចំណែកជាងជួសជុលរងរបួសធ្ងន់ រួចរថយន្តបង្កបានបន្តល្បឿនគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ រួចវាស់វែងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានសមត្ថកិច្វយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង