ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ត្រៀមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នៅខេត្តព្រះសីហនុ។
ក្រសួងមុខងារសាធារណៈកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញដល់របស់មន្ត្រីជាន់ខ្ពស់មុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន រួមទាំងប្រតិភូនៃអគ្គលេខាធិការដ្ឋានអាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។ ប្រតិភូចំនួន១១ ប្រទេសបានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM)» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥នេះ នៅខេត្តព្រះសីហនុ។
សម្រាប់ឆ្នាំ២០២៤-២០២៦ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអង្គភាពតាមវិស័យរបស់អាស៊ាន ដែលស្ថិតនៅក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) មានកិត្តិយសក្នុងការទទួលធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ និងអាស៊ានបូក៣ លើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៦ ក្រោមមូលបទ៖ «ការធ្វើនវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ (ACCSM+3) ស្តីពីមុខងារសាធារណៈ លើកទី៧ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។
ក្នុងកិច្ចប្រជុំនៃ 22nd ACCSM & 7th ACCSM+3 ប្រតិភូកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាសំខាន់ចំនួន៦ធំៗ៖ (១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (២) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៧ (៣) វេទិកា អភិបាលកិច្ចល្អ ដែលជាការពិភាក្សាផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធAI នៅក្នុងអភិបាលកិច្ចសាធារណៈ (៤) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (៥) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ និងចុងក្រោយ (៦) ការទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាមួយឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូរបស់លេខាធិការដ្ឋានអាស៊ាន។
ក្នុងបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូកម្ពុជា បានចូលរួមក្នុងវេទិកាសំខាន់ៗ រួមទាំងអញ្ជើញផ្តល់សុន្ទរកថា ក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានជ្រើសរើសយកមូលបទ «នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» សម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន 23rd ACCSM & 8th ACCSM+3 សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦។
ក្រោយទទួលជាប្រធាន នៅថ្ងៃនេះកម្ពុជាបាននឹងកំពុងដឹកនាំកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ នៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង