កម្លាំងនគរបាលស្រុកឈូក ឃាត់ខ្លួនយុវជន៥នាក់ បន្ទាប់ពីកាប់បំផ្លាញនិងលួចស្លាកលេខម៉ូតូអ្នកដទៃ
ខេត្តកំពត៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឈូក បានឃាត់ខ្លួនយុវជន ៥នាក់ ក្នុងចំណោមបក្សពួក ៦ នាក់ព្រោះតែប្រើហិង្សាដោយកាប់បំផ្លាញម៉ូតូ រួចលួចយកស្លាកលេខបន្ទាប់ពីចោទប្រកាន់ម្ចាស់ទ្រព្យថាបានជេរ និងលបគប់សមាជិកក្រុមខ្លួន។
យុវជនសង្ស័យទាំង ៥នាក់ រួមមាន ១. ឈ្មោះ មឿង ធាវិន អាយុ ២៣ឆ្នាំ, ២. ឈ្មោះ ហេង ពិសិដ្ឋ អាយុ ២០ឆ្នាំ ទាំង២នាក់រស់នៅឃុំបានៀវ ស្រុកឈូក ,៣. ឈ្មោះ លី សូឡី អាយុ ២២ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ,៤. ឈ្មោះ ធន វិសាល អាយុ ១៧ឆ្នាំ រស់នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក និង៥.ឈ្មោះ អេន ខូច អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង០០ និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៥ មានករណីហិង្សាដោយក្រុមជនសង្ស័យចំនួន ៦នាក់បានយកកាំបិតផ្គាក់ និងកាំបិតប៉័ងតោកាប់បំផ្លាញម៉ូតូអ្នកដទៃត្រង់ចំណុចបន្ទប់ជួលស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក។
ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា កម្លាំងនគរបាលស្រុកឈូក សហការជាមួយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុស៊ើបអង្កេតស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពទើបកំណត់អត្តសញ្ញាណជនសង្ស័យ រួចឈានទៅឃាត់ខ្លួនយុវជន ៥នាក់ ស្ថិតក្នុងក្រុម CK។
ជាមួយនោះ សមត្ថកិច្ចក៏ដកហូតបានកាំបិតផ្គាក់ ១ដើម ម៉ូតូ ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LL-7190 ជាមធ្យោបាយជិះធ្វើសកម្មភាព និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ។ បន្ទាប់ពីឃាត់ខ្លួនរួច កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលដដែលបានរម្លឹកថា កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ក្រុមជនសង្ស័យចំនួន ៦នាក់បាននាំគ្នាចូលផឹកស្រាបៀរនៅខ្ចូសមួយ កន្លែងក្បែរផ្លូវជាតិលេខ៣ ដោយលាក់ទុកកាំបិតប៉័ងតោ ២ដើម និងកាំបិតផ្គាក់ ១ដើម។
ក្រោយមកបក្សពួក ២នាក់បានជិះម៉ូតូទៅទិញបារីនៅចំណុចមុខមន្ទីរពេទ្យរស្មីសម្ភពឈូក រួចទូរសព្ទមកប្រាប់វិញថា មានពួកក្មេងៗគប់ និងស្រែកជេរ។ ភ្លាមៗ ពួកគេទាំង៦នាក់ក៏ទៅជួបគ្នារួចជិះម៉ូតូដេញក្រុមក្មេងៗរហូតដល់បន្ទប់ជួលស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ឈូក បានប្រទះឃើញក្មេងៗ៥ទៅ៦នាក់កំពុងដេកក្នុងបន្ទប់។ គ្រានោះ ក្រុមជនសង្ស័យបានស្រែកជេរ និងទាញកាំបិតដេញកាប់ តែអ្នកខ្លះបានរត់រួច ខ្លះទៀតចូលក្នុងបន្ទប់ចាក់សោទ្វារ ទើបក្រុមជនសង្ស័យចាប់ ផ្តើមកាប់ម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ស្លាកលេខ កំពត 1V-6593 រួចបន្តកាប់យកស្លាកលេខម៉ូតូនោះ ហើយនាំគ្នាគេចចេញពីកន្លែងកើតហេតុ។ លុះថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានតាមស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ជាបន្តបន្ទាប់៕