អតីតចៅអធិការវត្តរ៉ៃឃីង (Rai Khing) និងបក្ខពួកដែលជានារីវ័យក្មេងម្នាក់ទៀត ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ដោយចោទប្រកាន់ពីបទកិបកេងលុយ ៩លានដុល្លារអាមេរិក
ប្រទេសថៃ ៖ បើយោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានរាយការណ៍ថា អតីតចៅអធិការវត្តរ៉ៃឃីង (Rai Khing) និងបក្ខពួកដែលជានារីវ័យក្មេងម្នាក់ទៀត ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងដោយចោទប្រកាន់ពីបទកិបកេងលុយចំនួន៣០០លានបាត ឬស្មើ ៩លានដុល្លារអាមេរិកពីវត្តពុទ្ធសាសនាដ៏ល្បីល្បាញស្ថិតក្នុងខេត្តណាខនប៉ាធំ (Nakhon Pathom) មួយនេះ។
ប្រភពដដែលបន្តថា ប៉ូលិសបាននាំខ្លួនអតីតព្រះចៅអធិការព្រះនាម យ៉ែម អ៊ីនគ្រីងកៅ (Yaem Inkrungkao) អាយុ៧០ឆ្នាំ ទៅកាន់តុលាការព្រហ្មទណ្ឌសម្រាប់សំណុំរឿងពុករលួយ និងប្រព្រឹត្តិខុស កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយកញ្ញា អារីយ៉ាវ៉ាន់ វ៉ាងថាផាន (Aranyawan Wangthapan) អាយុ២៨ឆ្នាំ ដើម្បីទទួលយកការយល់ព្រមដើម្បីឃុំខ្លួន ខណៈអ្នកទាំងពីរបានបដិសេធឆ្លើយសំណួរពីបណ្តាអ្នកសារព័ត៌មាន។
អតីតចៅអធិការ និងនារីរូបនេះត្រូវបានចោទប្រកាន់ពីបទកិបកេង និងក្លែងបន្លំ។ ប៉ូលិសស៊ើបអង្កេតបានប្រឆាំងនឹងការធានាឱ្យនៅក្រៅឃុំដោយបានអះអាងថា ករណីនេះបានបង្កឱ្យមានការខាតបង់យ៉ាងច្រើន ហើយជនទាំងពីរអាចនឹងបំផ្លាញភស្តុតាងចោលថែមទៀតផង។ ជាលទ្ធផល តុលាការបានទទួលយកសំណើរបស់ប៉ូលិសឱ្យឃុំខ្លួនអ្នកទាំងពីររយៈពេល១២ថ្ងៃ។
លោក យ៉ែម អ៊ីនគ្រីងកៅ ដែលត្រូវបានចាប់ផ្សឹក ពុំបានដាក់ពាក្យស្នើសុំនៅក្រៅឃុំទេ ហើយត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារក្រុងបាងកកភ្លាមៗតែម្តង។ ចំណែកសំណើសុំនៅក្រៅឃុំរបស់នាង អារីយ៉ាវ៉ាន់ ត្រូវបានបដិសេធ ហើយនាងត្រូវបាននាំខ្លួនទៅស្ថាប័នអប់រំកែប្រែសម្រាប់ស្ត្រី។ ដ្បិតជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌក្នុងប្រទេសថៃ អាចត្រូវឃុំខ្លួនបានចាប់ពី៧ថ្ងៃរហូតដល់១២ថ្ងៃ ឬអាចឈានដល់៨៤ថ្ងៃ មុនពេលព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់។
គួររំលឹកថា ព្រះចៅអធិការវត្តរ៉ៃឃីង ព្រះនាម យ៉ែម អ៊ីនគ្រីងកៅ ត្រូវបានបញ្ជូនខ្លួនទៅប៉ូលិសទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលមន្ត្រីត្រៀមស្វែងរកដីកាចាប់ខ្លួនពាក់ព័ន្ធករណីកិបកេងលុយចំនួន៣០០លានបាតពីមូលនិធិវត្ត ដើម្បីយកទៅលេងល្បែងអនឡាញ ហើយលោកត្រូវបានចាប់ផ្សឹកនៅយប់ថ្ងៃដដែលនោះតែម្តង។
ចំណែកកញ្ញា អារីយ៉ាវ៉ាន់ ដែលត្រូវបានចោទប្រកាន់ថាបានដើរតួជាឈ្មួញកណ្តាលល្បែងភ្នាល់អនឡាញឱ្យអតីតចៅអធិការវត្តរូបនោះ ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបាននាំខ្លួនទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាលនៅទីក្រុងបាងកក។ នារីរូបនេះធ្លាប់មានប្រវត្តិត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ពាក់ព័ន្ធគេហទំព័រល្បែងអនឡាញនេះ ហើយក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។
ប៉ូលិសបានអះអាងថា នាងក៏ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន៣ ដែលបានលាងលុយខ្មៅតាមគេហទំព័រលេងល្បែងភ្នាល់អនឡាញ។ ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ថា ក្រុមហ៊ុនទាំងនោះមានលុយជាង ៨០០លានបាត ឬជាង ២៤លានដុល្លារចរាចរក្នុងរយៈពេល៥ខែកន្លងមកនេះ។
ប៉ូលិសក៏បានបន្ថែមទៀតថា នៅក្នុងពេលសួរចម្លើយ នារីរូបនេះបានសារភាពថា នាងស្គាល់អតីតចៅអធិការ យ៉ែម អ៊ីនគ្រីងកៅ តាំងពីនាងរៀននៅសាលាវត្តរ៉ៃឃីងមកម្ល៉េះ។ នាងថែមទាំងបានខ្ចីប្រាក់៤០លានបាត ឬ ១,២លានដុល្លារពីអតីតចៅអធិកា រូបនេះជាលើកដំបូង សម្រាប់ការវិនិយោគក្នុងឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក អ្នកទាំងពីរបានទាក់ទងគ្នាជាញឹកញាប់តាមរយៈទូរស័ព្ទ និងវីដេអូខល៕