យប់ថ្ងៃមង្គលការ និងជារាត្រីក្រេបទឹកឃ្មុំផង បែរជាក្លាយទៅជារាត្រីទឹកខ្មេះទៅវិញ ដោយកូនកម្លោះត្រូវក្រុមអ្នកផឹកទឹកត្នោតជូរ ជិតរោងការ១ក្រុមកា.ប់ បណ្ដាលឲ្យរងរបួសបែកក្បាលធ្ងន់
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង កាលពី យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យប់ថ្ងៃមង្គលការ និងជារាត្រីក្រេបទឹកឃ្មុំផង បែរជាក្លាយទៅជារាត្រីទឹកខ្មេះទៅវិញ ដោយកូនកម្លោះត្រូវក្រុមអ្នកផឹកទឹកត្នោតជូរជិតរោងការ១ក្រុមកា.ប់ បណ្ដាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ ហើយក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទាំងយប់ ហើយអាចប្រឈម និងសមត្ថកិច្ចឃាត់ខ្លួនថែមទៀតផង ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅក្នុងអំពើហិ.ង្សាវា.យកា.ប់ចា.ក់គ្នានោះ បង្កឡើងដោយមនុស្ស២ក្រុម ដែលបានបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ទាំងសងខាងចំនួន៣នាក់ ក្នុងនោះ មានកូនកម្លោះម្នាក់ផងដែរ ។ ភាគី(ក) គឺក្រុមកូនកម្លោះមានគ្នាច្រើននាក់ ហើយត្រូវបានស្គាល់ចំនួន៣នាក់ ទី១,ឈ្មោះ សួរ ពង់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ គឺជាកូនកម្លោះ មានទីលំនៅបច្ចុប្បន្ននៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រងរបួសបែ.កក្បាល) ។
ទី២,ឈ្មោះ លឹម សុក្រពេញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅជាមួយគ្នា ត្រូវជាក្មួយប្រុសបង្កើតរបស់កូនកម្លោះ ។ ទី៣,ឈ្មោះ ម៉ សុខពៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្ន ភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែ.កក្បាល ។
កម្លាំងដកហូតបានដែកមូល ប្រវែង៥០ស.ម ចំនួន០១ដើម ។ ដោយឡែកភាគី (ខ) គឺក្រុមអ្នកផឹកទឹកត្នោតជូរមានច្រើននាក់ ប៉ុន្តែត្រូវបានស្គាល់១នាក់ ឈ្មោះ រឿន តុងលិក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ននៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសហើមថ្គាមផ្នែកខាងស្តាំ និងហើមថ្ងាស ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាយប់ថ្ងៃកើតហេតុ មានពិធីរៀបអាពាហ៌ពិពាហ៌នៅផ្លូវបេតុង ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានឈ្មោះ សួរ ពង់ ភាគី(ក)គឺជាកូនកម្លោះ ។ ខណៈពិធីពិសាភោជនាហារកំពុងប្រព្រឹត្តទៅហើយក៏មានភ្ញៀវទៅចូលរួមជាបន្តបន្ទាប់ កូនកម្លោះរូបនោះបានប្រើក្មួយបង្កើតឈ្មោះ លឹម សុក្រពេញ ឲ្យទៅជួយទិញស្រាបៀរ ស្ថិតនៅកន្លែងលក់ចាបហួយនៅជិតរោងការនោះដែរ ថែមចំនួន០២កេសទៀត ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមផងដែរថា ខណៈពេលដើរទៅដល់កន្លែងលក់ស្រាបៀរឈ្មោះ លឹម សុក្រពេញ ដែលជាក្មួយបានជួបជាមួយឈ្មោះ រឿន តុងលិក និងបក្ខពួកច្រើននាក់ទៀត ដែលជាក្រុមភាគី(ខ) កំពុងអង្គុយផឹកទឹកត្នោតជូរ នៅជិតកន្លែងលក់ស្រាបៀរនោះ ហើយក៏បានទាស់ពាក្យសម្តីគ្នាមួយប្រាវ ។
បន្ទាប់មកឈ្មោះ លឹម សុក្រពេញ ក៏បានដើរទៅប្រាប់ឈ្មោះសួរ ពង់ ជាកូនកម្លោះឲ្យបានដឹងអំពីរឿងទំនាស់នោះ ហើយគ្រាន់តែបានដឹងភ្លាម កូនកម្លោះរូបនោះរួមជាមួយគូកនច្រើននាក់ទៀតបានដើរទៅសួរនាំក្រុមភាគី(ខ)នោះភ្លាមៗដោយមិនរង់ចាំយូរឡើយ ។
នគរបាលបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ខណៈនោះក្រុមភាគី (ខ) ប្រដាប់ដោយដុំថ្ម, មួកសុវត្ថិភាព និងកាំបិ.តគ្រប់ដៃបានដេញគ.ប់ និងដេញកា.ប់ទៅលើក្រុមកូនកម្លោះ ហើយក៏មានការវា.យកា.ប់ចា.ក់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសទាំងសងខាង៣នាក់ ។
ក្នុងនោះ មានកូនកម្លោះ និងក្មួយប្រុសបង្កើតរបួសបែ.កក្បាលចំណែកភាគី (ខ)អ្នកផឹកទឹកត្នោតជូររងរបួសហើមថ្គាមផ្នែកខាងស្តាំ និងហើមថ្ងាស ពេលនោះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ភ្លាម ហើយពេលទៅដល់បក្ខពួកទាំងសងខាងគេចខ្លួនបាត់អស់ ។
ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ ហើយកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្រាវជ្រាវរកចាប់បក្ខពួករបស់ភាគីម្ខាងៗដែលកំពុងគេចខ្លួននោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕