មន្ត្រីមន្ទីររ៉ែ និងមន្ត្រីមន្ទីរបរិស្ថាន ចុះពិនិត្យស្រាវជ្រាវទីតាំងភូមិសាស្ត្រ ដែលបណ្តាលឲ្យទឹកអូរតាបូកល្អក់ នៅខេត្ដរតនគិរី

(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៥នេះ លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល និងលោក ប៊ន សុផាន់ណារ៉ាត់ ប្រធានការិយាល័យឧទ្យានជាតិវីរជ័យ នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានដឹកនាំក្រុមការងារចុះពិនិត្យស្រាវជ្រាវទីតាំង ភូមិសាស្ត្រដែលបណ្តាលឲ្យទឹកអូរតាបូកល្អក់ ស្ថិតក្នុងស្រុកតាវែងខេត្តរតនគិរី។
បើតាមក្រុមការងារដែលចុះប្រតិបត្តិការផ្ទាល់បានប្រាប់ភ្នាក់ងារ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ថា លទ្ធផលដែលទទួលបានរួមមាន៖
* ផ្នែកខាងលើអូរតាបូកដែលហូរចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស៊្រុន សុវណ្ណភូមិ ដែលកំពុងឈូសឆាយដីដាំដំណាំកសិ-ឧស្សាហកម្ម ឃើញថាមានទឹកល្អក់
* អូរដាក់មាសពីចំណុចបង្គោលលេខ១០ ដែលក្រុមការងារកងវិស្វកម្មកំពុងឈូសឆាយផ្លូវពីបង្គោលលេខ១០ ដល់បង្គោលលេខ៦ ហូរឆ្លងកាត់ក្រុមហ៊ុនធៀ កាង ចាក់ចូលអូរតាបូកឃើញថាទឹកល្អក់
* អូរចាដងយ៉ល់ហូរឆ្លងកាត់ក្នុងក្រុមហ៊ុនធៀធៀ កាងទៅកាន់អូរតាបូកឃើញថាទឹកល្អក់
* អូរយ៉ាគឹមហូរចូលអូរតាយ៉ាក ហើយអូរតាយ៉ាកហូរចូលទៅក្នុងអូរតាបូក ដែលហូរពីក្រុមហ៊ុនធៀ កាងឆ្លងកាត់ក្រុមហ៊ុននុភាពសុភី ដែលកំពុងឈូសឆាយដី ដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម ឃើញថាមានទឹកល្អក់ដូចគ្នា។
បើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន ធៀ កាង បានឲ្យដឹងថា ទឹកអូរចាប់ផ្តើមល្អក់នៅពេលមានភ្លៀងចាប់ផ្តើមធ្លាក់មក។
ក្រុមការងារបានធ្វើសេចក្តីសន្និដ្ឋានថា មូលហេតុដែលបណ្តាលឲ្យទឹកអូរតាបូកមានសភាពល្អក់បណ្តាលមកពីកត្តាធំៗចំនួន០៣រួមមាន៖
១៖ មានភ្លៀងធ្លាក់នៅដើមរដូវវស្សាហូរចូលតាមអូរ
២៖ សកម្មភាពក្រុមការងារកងវិស្វកម្មកំពុងធ្វផ្លូវក្រវាត់ព្រំដែន
៣៖ សកម្មភាពដីសម្បទានសេដ្ឋកិច្ចចំនួន០២កំពុងឈូសឆាយដីដាំដំណាំ។ ទោះបីយ៉ាងនេះក្តីក្រុមការងារ និងបន្តតាមដានស្រាវជ្រាវករណីខាងលើនេះបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង