គយ ៖ ការនាំចូលទុរេនស្រស់មកកម្ពុជា ត្រូវបានបិទចាប់តាំងពីថ្ងៃទី១២ ឧសភា ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រាប់ឱ្យដឹងថា បន្ទាប់ពីបានជម្រាបជូនប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យ អំពីការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ កាលពីថ្ងៃទី១៣ ខែឧសភារួចមកការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ បានបិទមិនឱ្យមានការនាំចូលធុរេនទៀតទេ តាំងពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹង កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅថាកន្លងមកមានការនាំចូលទុរេនតាមមាត់ច្រកអន្តរជាតិព្រៃវល្លិ៍ ដោយការនាំចូលទាំងនោះ មានជារូបភាពតូចតាចប៉ុណ្ណោះ តាមរយៈការដឹកតាមរ៉ឺម៉ក ឡានទម្ងន់ពី ១០០ ទៅ ៣០០គីឡូក្រាមប៉ុណ្ណោះ និងមានការបង់ពន្ធ និងអាករត្រឹមត្រូវតាមច្បាប់។
ពាក់ព័ន្ធករណីទុរេននេះដែរ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារ
អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រុមការងារបានកំពុងធ្វើយ៉ាងដុតដៃដុតជើងសកម្មផងដែរ ដោយក្នុងរយៈពេលកន្លងទៅរហូតមកទល់ពេលនេះ គឺបានអនុវត្តត្រួតពិនិត្យតាមគោលដៅសំខាន់ៗជាច្រើន មានដូចជា កន្លែងប្រមូលផ្តុំទុរេនក្រោយពីការនាំចូល ហើយត្រៀមយកទៅទុកសម្រាប់ចែកចាយ និងគោលដៅប្រមូលផ្តុំសម្រាប់យកទៅចែកចាយ ហើយនិងទីផ្សារ រួមទាំងពីចំការផងដែរ ព្រោះចង់បញ្ជាក់ឱ្យច្បាស់ថា ចំការរបស់កម្ពុជាក៏អត់មានប្រើប្រាស់សារធាតុគីមីជ្រលក់ជា Basic Yellow 2 ហៅកាត់ ប៊ីវ៉ាយធូ (BY2) ឬក៏ អូរ៉ាមីនេអូ (Auramine O)។ ជាក់ស្តែង បន្ទាប់ពីបានយកគំរូ និងសំណាកចំនួនប្រមាណជាង ២០សំណាក មកពី២០ទីតាំងផ្សេងៗគ្នា ដើម្បីធ្វើការវិភាគ រហូតមកទល់ពេលនេះ មិនទាន់រកឃើញមានសារធាតុគីមីហាមឃាត់នៅឡើយទេ និងខណៈមន្រ្តីជំនាញបានកំពុងបន្តធ្វើការតាមដានបន្តទៀតដោយយកចិត្តទុកដាក់៕