សម្តេចធិបតី ៖ ទីនេះជាទីតាំងដែលមើលទៅធម្មតា តែការពិតជាទីតាំងដែលពោរពេញដោយអសន្តិសុខញ៉ាំញីដោយសង្គ្រាម និងគ្រាប់មីន តែបានក្លាយជាតំបន់អភិវឌ្ឍ ក្រោមម្លប់សន្តិភាព ទីនេះ ជាសក្ខីភាពយ៉ាងជាក់ស្តែងបំផុត ដែលយើងកាន់តែយល់ច្បាស់អំពីគុណតម្លៃនៃពាក្យ “អរគុណសន្តិភាព”

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ថា៖ តំបន់វាលវែង ភ្នំ១៥០០នេះ គឺជាទីតាំងដែលមើលទៅធម្មតា តែការពិតជាទីតាំងដែលពោរពេញដោយអសន្តិសុខញ៉ាំញីដោយសង្គ្រាម និងគ្រាប់មីន តែបានក្លាយជាតំបន់អភិវឌ្ឍពោរពេញដោយសក្ដានុពល ក្រោមម្លប់សន្តិភាព។ ទីនេះ ជាសក្ខីភាពយ៉ាងជាក់ស្តែងបំផុត ដែលយើងកាន់តែយល់ច្បាស់អំពីគុណតម្លៃនៃពាក្យ “អរគុណសន្តិភាព”។

ការអភិវឌ្ឍកន្លែងនេះ គឺធ្វើឱ្យកូនខ្មែរស្គាល់ខ្មែរ, ស្គាល់ទឹកដីខ្មែរ, ពាក្យថាស្រលាញ់ជាតិ, ស្រលាញ់ទឹកដី គឺមិនត្រឹមតែលើការនិយាយនោះទេ តែត្រូវឈរលើការអនុវត្តជាក់ស្តែង ហើយកត្តាសំខាន់បំផុតនោះ គឺ សន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយ ដែលបង្កើតឡើងដោយសម្តេចតេជោដោយបានដាក់ចេញការធានាចំនួន ៣៖ ទី១/ អាយុជីវិត, ទី២/ ទ្រព្យសម្បត្តិ និង ទី៣/ តួនាទី និងមុខរបរ។

ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកខេត្តពោធិ៍សាត់ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសូមបន្តជឿទុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីផ្ដល់លទ្ធភាពជូនរាជរដ្ឋាភិបាលបន្តបម្រើប្រជាពលរដ្ឋ បន្តទៅទៀត ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលប្ដេជ្ញាខិតខំបម្រើ និងកសាងសមិទ្ធផល ជាបន្តបន្ទាប់ទៀត ជូនប្រជាពលរដ្ឋ ជាពិសេសបន្តអភិវឌ្ឍនៅតាមមូលដ្ឋាន បន្ថែមទៀត ។

ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរត្រូវរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេស ជួយទាក់ទាញការវិនិយោគឱ្យបានច្រើនបន្ថែមទៀត នៅតាមមូលដ្ឋាន និងផ្ដល់ឱកាសជូនសហគមន៍ក្នុងការវិនិយោគផ្ទាល់ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ គឺជាអ្នកសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ហើយប្រជាពលរដ្ឋប្រាកដជាជ្រើសរើសយកអ្នកដែលបានធ្វើពិតប្រាកដ ជាមួយនឹងសមិទ្ធផល ជាបន្តបន្ទាប់ នៅលើដី ជាក់ស្តែង។ បន្ថែមពីនេះ, ការពង្រីកក្រុង-ស្រុក គឺព្រោះតែកំណើនប្រជាជនច្រើន និងដើម្បីផ្ដល់សេវារដ្ឋបាលឱ្យបានគ្រប់គ្រាន់ និងឱ្យកាន់តែលឿនរហ័ស ជូនប្រជាពលរដ្ឋរបស់យើង។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យអប់រំ និងសុខាភិបាល ដោយការអប់រំត្រូវធ្វើឱ្យមានភាពប្រទាក់ក្រឡាទាំងអស់គ្នា, ទាំងសាលារៀន និង ទាំងគ្រួសារដើម្បីជួយអប់រំសិស្ស-កូនចៅ ឱ្យបានល្អ ។ រាជរដ្ឋាភិបាល មិនទុកឱ្យកូនចៅរបស់បងប្អូនប្រជាពលរដ្ឋ គ្មានបំណិនអ្វីមួយនោះទេ នៅក្នុងជីវិត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជន ១,៥លាននាក់ ដែលមកពីគ្រួសារក្រីក្រដើម្បីឱ្យមានជំនាញសម្រាប់កសាងអនាគតឱ្យកាន់តែល្អប្រសើរ និងភ្លឺស្វាង។

បន្ថែមពីនេះ រាជរដ្ឋាភិបាលនឹងតម្រង់ទិសដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១០ ដើម្បីឱ្យរៀបចំជំនាញ និងទេពកោសល្យរបស់ខ្លួន ដោយអ្នកណាជំនាញខាងណា រៀនចាប់យកជំនាញនោះតែម្ដង។ ជាងនេះទៅទៀត, ដើម្បីពង្រឹងឯករាជ្យភាពខ្លួនឯង កូនខ្មែរគ្រប់រូប ត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ជាមួយគុណវុឌ្ឍិ និងសីលធម៌ ដើម្បីការពារឯករាជ្យភាពជាតិ និងការពារបូរណភាពទឹកដី របស់យើង៕

អត្ថបទដែលជាប់ទាក់ទង