សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត ។
សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ សមិទ្ធផលទាំងអស់នេះក៏មិនអាចកើតមានឡើងបានទេបើប្រទេសមានសង្គ្រាម ។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល និងរីកដុះដាលដោយសមិទ្ធផលសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការកសាងសមិទ្ធផលនានាគឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ និងបានឆ្លុះបញ្ចាំងផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបន្តអភិវឌ្ឍទៅមុខជានិច្ច ។
ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃសៅរ៍ ទី១៧ ឧសភា ២០២៥