ស្ត្រីម្នាក់ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយស្កាត់ឆ្លងដរ ជិះឡានឈ្នួល មកទិញថ្នាំញៀនជក់ ជក់រួចត្រឡប់មកវិញដោយលាក់ថ្នាំញៀន ក្នុងអាវទ្រនាប់
ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយស្កាត់ឆ្លងដរ ជិះឡានឈ្នួល មកទិញថ្នាំញៀនជក់ ជក់រួចត្រឡប់មកវិញដោយលាក់ថ្នាំញៀន ក្នុងអាវទ្រនាប់ ត្រូវសមត្ថកិច្ចក្របួចជាប់ ។ ប្រតិបត្តិការនេះដែលបានធ្វើឡើងកាលពី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងអន្តរាគមន៍ស្រុកល្វាឯម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ក៏ប្រទះឃើញជនសង្ស័យ ឈ្មោះ ប៊ុន ង៉ា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់ឆែកឆេរ រកឃើញថ្នាំញៀនចំនួន០២កញ្ចប់តូច និងកែវសម្រាប់ជក់ថ្មាំញៀនចំនួន០១ ដាក់ក្នុងអាវត្រនាប់ ពេលនោះកម្លាំងជំនាញក៏ឃាត់នាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាងថ្នាំញៀន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុន ង៉ា បានឆ្លើយសារភាពថា កន្លងមកខ្លួនតែងតែឆ្លងដរផ្លូវត្រី នៅភូមិផ្លូវត្រី ឃុំថ្មគរ ទៅកៀនស្វាយ ដើម្បីជិះឡានឈ្នួលទៅទិញថ្នាំញៀន (ម៉ាទឹកកក) នៅម្ដុំច្រាំងបាក់ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ ដោយទិញម្ដងៗតម្លៃចាប់ពីប្រាំពីរម៉ឺនទៅ ប្រាំបីម៉ឺនរៀល។
លុះនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២ និង ០០នាទីថ្ងៃត្រង់ ខ្លួនបានឆ្លងដរផ្លូវត្រី រួចជិះឡានឈ្នួលទៅច្បារអំពៅម្ដុំច្រាំងបាក់ ដើម្បីទិញថ្នាំញៀនពេលទៅដល់ច្បារអំពៅ ក៏ចុះពីឡានឈ្នួលដើរទៅម្ដុំច្រាំងបាក់ដើម្បីទិញថ្នាំ ចំនួន ០២កញ្ចប់តូច ក្នុងតម្លៃប្រាំមួយម៉ឺនរៀល ពេលទិញបានហើយ អ្នកលក់បានឱ្យកែវសម្រាប់ជក់ និង រំលែកថ្នាំញៀនខ្លះឱ្យខ្លួនប្រើប្រាស់នៅទីនោះ ពេលប្រើប្រាស់រួចហើយនាងខ្ញុំបានយកថ្នាំញៀន (ម៉ាទឹកកក) និងកែវសម្រាប់ជក់ថ្នាំញៀនដាក់ចូលក្នុងអាវទ្រនាប់ រួចជិះឡានឈ្នួលត្រឡប់មកវិញ ពេលឆ្លងដរផ្លូវត្រីដល់ត្រើយម្ខាងស្រុកល្វាឯម ក៏ត្រូវសមត្ថកិច្ចឃាត់សួរនាំ និងឆែកឆេរឃើញថ្នាំញៀនចំនួន០២កញ្ចប់ និងកែវសម្រាប់ជក់ចំនួន០១ ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕