នាយករដ្ឋមន្ត្រីអង់គ្លេស ៖ លោក ពូទីន ត្រូវតែប្រឈមនឹងផលវិបាក សម្រាប់ការគេចវេសកិច្ចចរចាសន្តិភាព
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវតែប្រឈមនឹងផលវិបាក សម្រាប់ការគេចវេសពីកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅមុន កិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសអាល់បានី នៅថ្ងៃសុក្រ ទី១៦ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា លោក Starmer បានគូសបញ្ជាក់ដូច្នេះថា «តាក់ទិករបស់លោក ពូទីន ដើម្បីកេងចំណេញ និងពន្យារពេល ខណៈនៅតែបន្តសម្លាប់ និងបង្កការបង្ហូរឈាមនៅទូទាំងអ៊ុយក្រែន គឺជារឿងមិនអាចអត់ឱនឱ្យបានឡើយ»។ លោកបន្ថែមទៀតថាបទឈប់បាញ់ពេញលេញមួយត្រូវតែទទួលបានការឯកភាព ហើយប្រសិនបើរុស្ស៉ីមិនមានឆន្ទៈដើម្បី ចូលរួម ក្នុងកិច្ចចរចាទេ នោះលោក ពូទីនត្រូវតែប្រឈមនឹងផលវិបាក។
កិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសអាល់បានី នៅថ្ងៃសុក្រសប្ដាហ៍នេះ ធ្វើឡើងចំថ្ងៃតែមួយដែលកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៉ីត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Istanbul ប្រទេសតួកគី។ ប៉ុន្តែទាំងលោក ពូទីន និងលោក ហ្សេលេនស្គី មិនត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចចរចានេះនោះទេ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏មិនរំពឹងដែរថាកិច្ចចរចានេះអាចនឹងសម្រេចបាន លទ្ធផលជាដុំកំភួន៕