UNAIDS កោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា ក្នុងការឆ្លេីយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, លោកជំទាវ Winnie Byanyima បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា។ លោកជំទាវអគ្គលេខាធិការរង បានកោតសរសើរ ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍។ លោកជំទាវបានបន្តថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន ២ ជាមួយលទ្ធផល ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ ( ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ, ៩៥% នៃអ្នកបានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ៩៥% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ ) របស់អង្គការសហប្រជាជាតិ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។ លោកជំទាវ Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ និង ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា។ បន្ថែមលើនេះ, លោកជំទាវអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលជាប្រទេសមួយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាលើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកជំទាវបានបញ្ជាក់ជាថ្មីថា UNAIDS នឹងបន្តគាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ហើយអង្គការសហប្រជាជាតិនឹងបន្តភាពជាដៃគូជាមួយកម្ពុជា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ UNAIDS ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាច្រើន ហេីយថ្មីៗនេះ កម្ពុជាទើបតែបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ សម្តេចបវរធិបតី បានលើកឡើងថា៖ កម្ពុជាបានយកចិត្តទុកដាក់លើការកាត់បន្ថយអត្រាឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លងមេរោគអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សម្តេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតអាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល ជាពិសេសការលេីកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល, កសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ដេីម្បីពង្រីកសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា «នៅពេលដែលយើងនិយាយពីការកសាងមូលធនមនុស្ស យើងត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ»។

ក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ UNAIDS ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេស ពង្រឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ សម្តេចបវរធិបតី បានលើកទឹកចិត្តដល់ UNAIDS ឱ្យបន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរួមគ្នាបន្តសម្រេចគោលដៅក្នុងការឆ្លេីយតបទៅនឹងគោលដៅសកលទាំងបីរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍៕

អត្ថបទដែលជាប់ទាក់ទង