វិស័យឯកជន ស្វែងយល់និតិវិធីសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ

តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួនប្រមាណ១៦០នាក់ ក្នុងនោះមួយចំនួនបានចូលរួមដោយផ្ទាល់ និងមួយចំនួនផ្សេងទៀតតាមប្រព័ន្ធអនឡាញ ដើម្បីស្វែងយល់អំពីនិតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់ និងត្រឹមត្រូវ។
ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅក្រោយសិក្ខាសាលាស្តីពី និតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងដោយសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា ដោយបានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងដើម្បីបញ្ជ្រៀបការយល់ដឹង ក៏ដូចជាផ្តល់ជូននូវព័ត៌មានថ្មីៗ ខណៈសមាជិកនៃសមាគមមួយចំនួននៅមិនទាន់បានយល់ជ្រាបច្បាស់នៅឡើយ ពាក់ព័ន្ធនីតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ និងដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់ និងខ្ជាប់ខ្ជួនពាក់ព័ន្ធនិងច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលរាជរដ្ឋាភិបាលដាក់ចេញកន្លងមក។ ជាពិសេស ខណៈសហរដ្ឋអាម៉េរិកបានប្រកាសអំពីពន្ធនាំចូលមានភាពមិនទាន់ប្រាកដប្រជា ដែលធ្វើឲ្យវិស័យឯកជនមួយចំនួនមានភាពរំជើបរំជួលខ្លះ។
បើតាម ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវបានអភិវឌ្ឍឡើងសម្រាប់ផ្ដល់សេវាតាមទម្រង់អេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ការបំពេញនីតិវិធីនាំចេញ-នាំចូលទំនិញកាន់តែរហ័ស និងមានតម្លាភាព កាត់បន្ថយការចំណាយ ផ្តល់ភាពស៊ីចង្វាក់គ្នា និងភាពប្រាកដប្រជាដល់កិច្ចដំណើរការពីការចាប់ផ្តើមនីតិវិធីដែលតម្រូវរហូតដល់ការបំពេញបែបបទបញ្ចេញទំនិញពីគយ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក៕

អត្ថបទដែលជាប់ទាក់ទង