លោកសរសុដានីអភិបាលរងខេត្តស្វាយរៀងណែនាំដល់មន្ត្រីមានសមត្ថកិច្ចត្រូវធ្វើគំរូល្អសម្រាប់ពលរដ្ឋក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ស្វាយរៀង÷ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានណែនាំដល់មន្ត្រីមានសមត្ថកិច្ចត្រូវធ្វើគំរូល្អ នៅពេលបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ និងបើកបរទោចក្រយន្តត្រូវពាក់មួកសុវត្ថិភាព។
ការថ្លែងនឹងមានប្រសាសន៍របស់មន្ត្រីខេត្ត រូបនេះនេះបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់មន្ត្រី កម្មករ និយោជិត និងអ្នកបើកបរប្រកបរបរដឹកជញ្ជូនកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស(មេនហានធេនស្វាយរៀង) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីអគ្គស្នងការនគរបាលជាតិ និងមន្ត្រីនៅក្នុងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ទន្ទឹមនិងការណែនាំដល់មន្ត្រីមានសមត្ថកិច្ច លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់កម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកទុកដាក់ក្នុងការថែរក្សាការពារអាយុជីវិត និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា តាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយអនុវត្តច្បាប់ សំដៅការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យបាននៅកម្រិតទាប ។
តាមរបាយការណ៏របស់ការិយាលយ័ចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់អោយដឹងថាក្នុងរយះពេល៣ខែដើម ឆ្នាំ២០២៥ ការគ្រោះថ្នាក់ចរាចរណ៏ បានកើតមានចំនួន២២លើក បង្កអោយមនុស្សស្លាប់២០នាក់ និងមនុស្សរបួសធ្ងន់ស្រាលចំនួន២០នាក់ ៕