រុស្ស៊ី ផ្តោតលើពង្រាងនៃកិច្ចព្រមព្រៀងឆ្នាំ២០២២ សម្រាប់សំណើកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យ (១១ ឧសភា) ថា សំណើកិច្ចចរចាសន្តិភាពរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយអ៊ុយក្រែន នឹងពិចារណាទៅលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឆ្នាំ២០២២ រវាងប្រទេសទាំងពីរ និងការពិតនៃការគ្រប់គ្រងរបស់រុស្ស៊ី លើស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។
លោក Putin កាលពីថ្ងៃអាទិត្យ បានស្នើឡើងនូវកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងបំណងនាំយកសន្តិភាពយូរអង្វែងដើម្បីបញ្ចប់សង្រ្គាម ហើយនេះជាគំនិតផ្តួចផ្តើមមួយត្រូវបានស្វាគមន៍យ៉ាងខ្លាំងដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលនិយាយថា ទីក្រុងគីវមានឆន្ទៈពិភាក្សា ប៉ុន្តែថា ទីក្រុងមូស្គូ ត្រូវតែយល់ព្រមជាដំបូងចំពោះបទឈប់បាញ់ជាបន្ទាន់ភ្លាមៗ។
ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Putin ថា កិច្ចពិភាក្សាដែលបានស្នើឡើងនេះ នឹងគិតគូរទាំងសេចក្តីព្រាង ដែលបានបោះបង់ចោលនៅឆ្នាំ២០២២ និងស្ថានភាពបច្ចុប្បន្ននៅលើសមរភូមិ។
គួររម្លឹកថា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី លើអ៊ុយក្រែន ខែកុម្ភៈ ឆ្នាំ២០២២ ភាគីជម្លោះទាំងពីរបានធ្វើកិច្ចចរចានៅបេឡារុស ក្រោយមកផ្លាស់ទៅក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី ប៉ុន្តែក៏បានបរាជ័យ។ សេចក្តីព្រាងមួយត្រូវបានយល់ព្រមនៅទីនោះ ដោយកំណត់នូវក្របខ័ណ្ឌមួយសម្រាប់ដំណោះស្រាយដែលអាចកើតមាន ត្រូវបានស្គាល់ថាជា “សេចក្តីប្រកាសទីក្រុងអ៊ីស្តង់ប៊ុល”។
នៅក្រោមពង្រាងច្បាប់ចម្លងដែលសារព័ត៌មានរ៉យទ័របានពិនិត្យ បង្ហាញថា អ៊ុយក្រែននឹងយល់ព្រមចំពោះអព្យាក្រឹតភាព ជាថ្នូរនឹងការធានាសន្តិសុខអន្តរជាតិពីសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក និងប្រជាជាតិជាច្រើនទៀត ក្នុងចំណោមលក្ខខណ្ឌផ្សេងៗ៕