រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី បាននឹងកំពុងស្រូបទាញកសិផលក្នុងស្រុក ឱ្យកែច្នៃបម្រើទីផ្សារនាំចេញ
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយ នៅខេត្តកំពង់ធំ បានកំពុងស្រូបយកគ្រាប់ស្វាយចន្ទីស្រស់ក្នុងស្រុកប្រមាណ ៦តោន ក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយក្រុមហ៊ុនមួយនេះមានមហិច្ឆិតាពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀត ឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ បម្រើទីផ្សារនាំចេញ។
លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech ស្ថិតនៅ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងដំណើរទស្សនកិច្ចដែលដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ នេះ លោកបានជម្រាបជូនអំពីដំណើរអំពីខ្សែច្រវាក់នៃការកែច្នៃគ្រប់ស្វាយចន្ទី និងបច្ចេកទេសមួយចំនួន, បច្ចុប្បន្នក្រុមហ៊ុនបាន ទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួនដូចជា៖ សហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រម ទាំងសហគមន៍ទំនើបចំនួន៣ផ្សេងទៀត ក្នុងខេត្តកំពង់ធំនេះផងដែរ។
លោកលើកឡើងឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបានកំពុងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ក្នុង១ថ្ងៃៗ បានចំនួន៦តោន (សមត្ថភាព ១០តោនគ្រាប់ស្រស់ក្នុង១ថ្ងៃ) សម្រាប់ធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអ៊ឺរ៉ុប, ចំណែកទៅពេលខាងមុខ ក្រុមហ៊ុន គ្រោងនឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ ឱ្យឡើងដល់ជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានមហិច្ឆិតា លើគម្រោងផលិតប្រេងជីវឥន្ធនៈ ផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី ដោយនាំយកនូវគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យាទំនើបៗ ពីប្រទេសជប៉ុន នៅក្នុងដំណើរការកែច្នែនោះផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន MIRARTH Agritech បានសម្រេចវិនិយោគលើការកែច្នៃ គ្រាប់ស្វាយចន្ទី ក្នុងខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ ជាដំណាំដែលមានសក្តានុពលខ្ពស់ ដែល អាចធ្វើកែច្នៃបាននៅគ្រប់ដំណាក់កាល នៃខ្សែច្រវាក់តម្លៃផលិតកម្មដូចជា៖ ការកែច្នៃសំបកគ្រាប់ស្វាយចន្ទីធ្វើជាជីវឥន្ធនៈ គ្រឿងសំអាង ចំណែកដើមស្វាយចន្ទី ក៏អាចផលិតចេញជាថាមពលផ្សេងៗ ដើម្បីបង្កើនតម្លៃបន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុន MIRARTH Agritech ដែលមានគម្រោងធ្វើពិពិធ កម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលនាំចេញគ្រាប់ ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំអាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយ ចន្ទីផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ និងប្រជាកសិករ និងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់ នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា ការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ក៏ដូចជាការដាំដុះនៅកម្ពុជាជាដើម៕