ឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម
អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម។
សមត្ថកិច្ច ក៏រកឃើញដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ឡេង វាសនា ហៅក្រៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ឈ្មោះ សេង គឹមសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយ រៀង។
ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕