យោធាឥណ្ឌា ព្រមានប្រឆាំងការរំលោភបទឈប់បាញ់ តែប៉ាគីស្ថានទាត់ចោលការបំពានណាមួយ

មន្ត្រីយោធាជាន់ខ្ពស់ឥណ្ឌាមួយរូបបាននិយាយថា យោធាឥណ្ឌាបានផ្ញើសារទាន់ហេតុការណ៍(hotline) ទៅកាន់ប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ១១ ឧសភា អំពីការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ហើយបានជូនដំណឹងអំពីចេតនារបស់ទីក្រុងញូវដែលីក្នុងការឆ្លើយតប ប្រសិនបើប៉ាគីស្ថានហ៊ានបំពានទៀត ខណៈអ្នកនាំពាក្យយោធាប៉ាគីស្ថានបានបដិសេធការរំលោភលើបទឈប់បាញ់ណាមួយ។
អគ្គនាយកប្រតិបត្តិការយោធាឥណ្ឌា (DGMO) បាននិយាយ បទឈប់បាញ់ដ៏ផុយស្រួយត្រូវបានធ្វើឡើង បន្ទាប់ពីភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការរំលោភដំបូងកាលពីយប់ថ្ងៃសៅរ៍។
អ្នកនាំពាក្យយោធាប៉ាគីស្ថានបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយតំណាងមកពីកងទ័ពអាកាស និងកងទ័ពជើងទឹករបស់ប្រទេសនេះ ថា គ្មានការបំពានណាមួយត្រូវបានធ្វើឡើងដោយកងទ័ពប៉ាគីស្ថាន ឬកងកម្លាំងប្រដាប់អាវុធនៃបទឈប់បាញ់នោះទេ។
បទឈប់បាញ់បានប្រកាសកាលពីថ្ងៃសៅរ៍បន្ទាប់ពីបួនថ្ងៃនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ។ នៅក្នុងការប្រយុទ្ធដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ពួកគេបានបាញ់មីស៊ីល និងយានដ្រូនលើទីតាំងយោធារបស់គ្នាទៅវិញទៅមក ដោយបានសម្លាប់មនុស្សជិត ៧០ នាក់។
ការសម្របសម្រួលការទូត និងសម្ពាធពីសហរដ្ឋអាមេរិកបានជួយធានាកិច្ចព្រមព្រៀងបទឈប់បាញ់ នៅពេលដែលជម្លោះនេះកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលជាធរមាន ការបាញ់កាំភ្លើងធំត្រូវបានគេមើលឃើញនៅក្នុងតំបន់កាស្មៀរបស់ឥណ្ឌា ដែលជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាជាច្រើនកាលពីសប្តាហ៍មុន៕

អត្ថបទដែលជាប់ទាក់ទង