កម្ពុជាដណ្ដើមបានមេដាយ ២គ្រឿងបន្ថែម ក្នុងព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship នៅសិង្ហបុរី

(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿងបន្ថែមទៀតហើយ នៅក្នុងព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នាប្រទេសសិង្ហបុរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ គ្រឿង។
សម្រាប់សមិទ្ធផលទទួលបានពីការប្រកួតថ្ងៃទី២ ខាងលើ រួមមានកីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម និងកីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម ។ ជាបណ្ដោះអាសន្នកម្ពុជា ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២) ខណៈការប្រកួតនៅសល់ ១ថ្ងៃទៀត នៅថ្ងៃទី១២ ខែឧសភាស្អែក។
គួរដឹងថា ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕

អត្ថបទដែលជាប់ទាក់ទង