លោកអភិសន្តិបណ្ឌិត ស សុខា កំពុងអន្តរាគមន៍ជួយរំដោះជនរងគ្រោះ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម របស់ប្អូនស្រីទាំងពីរនាក់ ដែលបាន អះអាងថាចាញ់បោកមេខ្យល់ ទៅដល់ប្រទេសចិន
ភ្នំពេញ ៖ លោក ទូច សុឃ: (សុខ:) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមជម្រាបជូនបងប្អូនអ្នកសារព័ត៌មាន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទូទៅផងដែរ តាមរយៈសារអំពាវនាវ តាមបណ្ដាញទំនាក់ទំនងសង្គមរបស់ ប្អូនស្រីទាំងពីរនាក់ ដែលបាន អះអាងថាចាញ់បោកមេខ្យល់ ទៅដល់ប្រទេសចិន។
លោក ទូច សុឃ: (សុខ:) បានបញ្ជាក់ថា ៖ បន្ទាប់ពីក្រុមការងារបានទទួលនូវព័ត៌មានអំពីការស្នើសុំអន្តរាគមន៍ ដើម្បីឲ្យជួយនេះ គឺលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្ស គឺលោកបានអន្តរាគមន៍ ជាបន្ទាន់ទៅកាន់ អាជ្ញាធរពាក់ព័ន្ធ ដែលក្នុងនោះ មានស្ថានទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់ចិន ។ ក្នុងនោះខាងស្ថានទូតកម្ពុជាយើងក៏បានធ្វើការ ដោយយកចិត្តទុកដាក់ និងរហ័សរហួនបំផុត សហការជាមួយនឹង ខាងសមត្ថកិច្ចរបស់ចិន តែលទ្ធផលមកដល់ពេលនេះគឺ សមត្ថកិច្ចរបស់ចិនបានរកឃើញ គោលដៅ ឬក៏ទីតាំងដែលប្អូនស្រីស្ថិតនៅក្រោមការ ឃាត់ ឬក៏ឃុំ ពីសំណាក់ជនសង្ស័យនោះដឹងអស់ហើយ ។ ប៉ុន្តែចំពោះលទ្ធផល ចូលទៅរំដោះបានក្នុងកម្រិតណា យើងនឹងរង់ចាំការរាយការណ៍ពីខាងសមត្ថកិច្ច របស់ចិនមកកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ហើយទូតកម្ពុជានិងរាយការណ៍បន្តមកកាន់ ថ្នាក់ដឹកនាំពាក់ព័ន្ធនៅប្រទេសកម្ពុជាយើងដើម្បីឲ្យបានជ្រាប ។ លោកបន្តថា ចំពោះលទ្ធផលសង្ឃឹមថាប្អូនស្រីនិងអាចរំដោះបានក្នុងពេលឆាប់ៗ ក៏ដូចជាការបំពេញនីតិវិធីបែបបទ នៅការិយាល័យរបស់នគរបាលចិន សហការជាមួយស្ថានទូតរបស់ប្រទេសកម្ពុជាយើង ហើយនឹងធ្វើនីតិវិធីបញ្ជូនប្អូនស្រី ត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាយើងនៅពេលខាងមុខ ។ អាស្រ័យហេតុនេះហើយសូមបងប្អូនអ្នកសារព័ត៌មាន ក៏ដូចបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប ។
លោកអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានថ្លៃទៀតថា ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមក្រសួងមហាផ្ទៃ ជាពិសេសគឺ ជាការផ្ញើសាររបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្ស លោកស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់យកចិត្តទុកដាក់ ជាទីបំផុតចំពោះការប្រើឧបាយកលនានា អូសទាញ បញ្ឆោត លួងលោម គ្រប់កលល្បិច ដើម្បីនាំ បងប្អូន កូនក្មួយ ទៅប្រទេសចិនតាមរយៈ ការទៅធ្វើការទទួលបាន ប្រាក់ខែច្រើន តាមរយៈការរៀបការប្ដីជាមួយចិន ធានាថាបានរស់សុខស្រួល និងក្លាយជាអ្នកមានបានប្រាក់ជាហួរហែ ជាពិសេសប្អូនៗកុមារីវ័យ នៅក្មេងទាំងអស់ សូមមេត្តាកុំប្រញាប់ប្រញ៉ាល់ ជឿទៅលើការអូសទាញរបស់ មេខ្យល់ដែលបានប្រើគ្រប់មធ្យោបាយ ជាពិសេសឧបាយកលដែលយកប្រាក់មកធ្វើជាអន្ទាក់ ផ្ដល់មកឱ្យយើង បង្កើតជាផលប្រយោជន៍នេះ ផលប្រយោជន៍នោះ ជាហូរហែដែលនាំឲ្យយើង លង់ខ្លួនចាញ់ទៅតាមការបោកប្រាស់ អូសទាញ ហើយចុងក្រោយយើងត្រូវបានគេយកទៅធ្វើបាប ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ ក្នុងការបញ្ជូនទៅតំបន់នេះ តំបន់នោះ តាមតែអ្វីដែលគេបានធ្វើ ឬក៏គេប្រើប្រាស់យើងដើម្បីផលប្រយោជន៍ ។ ល្បិចអូសទាញជាដើម នេះគឺជាសារ របស់លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ បន្ថែមបានដឹងដល់ប្អូនៗ កូនក្មួយ ក៏ដូចជាអាណាព្យាបាល របស់ប្អូនៗផងដែរ កុំឱ្យចាញ់បោកមេខ្យល់ឱ្យសោះ ៕