បុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីមបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមបោះពួយក្នុងល្បឿនលឿនក៏ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
នៅ យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុបមុខស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្សកែងផ្លូវលេខ៤៣២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកេីតហេតុគេបានឃើញបុរសខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1W-1488 បោះពួយតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ សង្ស័យថាស្រវឹងស្រាផងទើបធ្វើឲ្យម៉ូតូជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខព្រមទាំងធ្វើឲ្យបុរសជាអ្នកបេីករងរបួសបែកក្បាលផ្នែកខាងមុខហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋជួយហៅរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅពេទ្យរុស្ស៊ី អោយមកដឹកជនរងគ្រោះយកទៅធ្វើការសង្គ្រោះផងដែរ ។
ក្រោយកេីតហេតុ នៅសល់តែម៉ូតូដែលរងការខូចខាតត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ៕