គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនិងការអនុវត្ត ច្បាប់និងវិស័យយុត្តិធម៌

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម យីន គីមហ៊ន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់ពីប្រសិទ្ធភាពនៃការងារអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចរបស់គណ:កម្មការទី៦ នៃរដ្ឋសភា នៅសាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ជម្រាបគណៈប្រតិភូសភា ពីស្ថាន ភាពទូទៅថ្នាក់ខេត្ត ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការរីកចម្រើននានានៅក្នុងខេត្តត្បូងឃ្មុំ ដែលតម្រូវឱ្យធ្វើការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តន៍ច្បាប់។ ខេត្តក៏បានដោះស្រាយ វិវាទដីធ្លីថ្នាក់ខេត្ត ពង្រឹងពង្រីកយន្តការគណ:កម្មការដោះស្រាយទំនាស់ដីធ្លីតាមថ្នាក់ស្រុក ឃុំ/សង្កាត់ ដោយប្រើប្រាស់យន្តការគណ:កម្មការសុរិយោដីក្រុង ស្រុក ដោះស្រាយនៅតាមការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ គឺអាជ្ញាធរខេត្ត ដែលមានអភិបាលខេត្តផ្ទាល់ ចូលរួមជាមួយប្រជាពលរដ្ឋ និងបានធ្វើការសម្របសម្រួល ដោះស្រាយដោយសន្តិវិធី មានតម្លារភាព និងប្រសិទ្ធភាពខ្ពស់គួរជាទីមោទនៈដល់ពលរដ្ឋនិងអាជ្ញាធរខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការងារលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការអនុវត្តកំណែ ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានយកចិត្តទុកដាក់ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅទូលំទូលាយតាម រយៈការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការផ្តល់សេវាសាធារណៈ ការរៀបចំវេទិកា សាធារណៈ និងសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់រាល់សំណូមពរ តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ត្រួតពិនិត្យការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ការងារអត្រានុកូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងបានដោះស្រាយបញ្ហា ប្រឈម និងកែលម្អចំណុចខ្វះខាតជាបណ្តើរៗ ដោយឈរលើមូលដ្ឋានច្បាប់ជាគ្រឹះ និងលិខិតបទដ្ឋាគតិយុត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ខេត្ត បានរៀបចំដាក់វិធានការក្តៅៗជាច្រើនសម្រាប់បង្ក្រាបក្រុមក្មេងទំនើង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ(Online) ខុសច្បាប់ ដោយខេត្តបានសហការគ្នាជាមួយអាជ្ញាធរថ្នាក់ជាតិ ក្រសួង និងនាយកដ្ឋានបង្ក្រាបល្បែងស៊ីសងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងបំណរអរគុណ និងបានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ រួមទាំងការអនុវត្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានល្អប្រសើរ។
ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ នៅក្រោមម្លប់នៃសុខសន្តិភាព។ ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរកមធ្យោបាយដោះស្រាយ ទៅតាមនីតិវិធីរបស់រដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង