ក្រសួងព័ត៌មាន បើកកិច្ចប្រជុំដោះស្រាយករណីសមាគមប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ

ភ្នំពេញ៖ លោក ទេស វិបុល ប្រធាន និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សមាជិក បានអញ្ជើញចូលរួមប្រជុំដោះស្រាយពាក្យបណ្តឹងរបស់សមាគម នៅ ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ស្ត្រីដែលប្រមាថមើលងាយអ្នកសារព័ត៌មាននោះ មិនបានចូលរួមកិច្ចប្រជុំ តាមលិខិតអញ្ជើញរបស់ក្រសួងព័ត៌មានទេ ទោះបីគាត់បានទទួលដំណឹងតាមទូរស័ព្ទ ហើយមន្ត្រីក្រសួងបានខិតខំស្វែងរកផ្ទះស្ត្រីនោះ តាម Location ក្នុងផេកលក់ទំនិញនោះ ដើម្បីប្រគល់លិខិតអញ្ជើញ ក៏មិនអាចរកទីតាំងផ្ទះស្ត្រីនោះឃើញឡើយ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា ថានឹងប្រជុំជាលើកទី២ និងជាលើកចុងក្រោយ ហើយក្រសួងព័ត៌មាននឹងអញ្ជើញស្ត្រីអនឡាញនោះម្តងទៀត ក្នុងករណី ស្ត្រីអនឡាញនោះនៅតែមិនព្រមចូលរួម ឬគ្មានដំណោះស្រាយ សមាគមនឹងបន្តនីតិវិធីប្តឹងទៅ នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និង តុលាការតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នក សារព័ត៌មានកម្ពុជា បានធ្វើលិខិតមួយច្បាប់ គោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំឱ្យក្រសួងព័ត៌មានត្រួតពិនិត្យ និងចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ដែលបានប្រើហ្វេសប៊ុកផេកឈ្មោះ MADAM DA (ម៉ាដាមដា) ផ្សាយផ្ទាល់ និងបង្ហោះវីដេអូ កាលពីថ្ងៃទី២០និង២១ ខែមេសា ឆ្នាំ ២០២៥ ប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គមចំនួន៨០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង