សម្ដេចតេជោ ប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជាកំពុងខិតខំលើកកម្ពស់ និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសម នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតា។
សម្ដេចតេជោ បានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងប្រធានក្រុមហ៊ុនមួយចំនួន ដូចជា លោក រ៉ូណា គូម៉ាឡា ពុធកា ដែលជាប្រធានក្រុមហ៊ុន ប៊ី ប៊ី អិច គ្រឌីត យូនៀន និងលោក ប៊ីឌីសេ ទីវ៉ាន់ ដែលជាប្រធានក្រុមហ៊ុន ភីធី សូណា ធូផាស ធូរីសេមិន ដាសទ្រី ធីប៊ីខេ ។ សម្ដេចតេជោ បានសម្ដែងក្តីរីករាយលើការចែរំលែក អំពីស្ថានភាព នៃការធ្វើវិនិយោគនៅកម្ពុជា ។
នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្តែងនូវការស្វាគមន៍ ចំពោះសម្ដេចតេជោ ដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ។ លោក បានអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ និងប្រធានក្រុមហ៊ុននានា បានជួបសម្ដែងការគួរសមនាពេលនេះ ។ លោកសាស្ត្រាចារ្យ បានគោរពស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ របស់លោកសាស្ត្រាចារ្យ ទៅលើការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយទន្ទឹមនេះ កម្ពុជា ក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយនៃភាពក្រីក្រ របស់ខ្លួន ដែលនៅមុនកូវីដ១៩ ប្រទេសកម្ពុជា មានអត្រាភាពក្រីក្រខ្ទង់ ១០% ប៉ុន្តែដោយសារកូវីដ អត្រានៃភាពក្រីក្របានកើនឡើងវិញ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដូច្នេះ ការទាក់ទាញអ្នកវិនិយោគ គឺជាគោលការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយសម្ដេចតេជោ បានរំលេចថា កម្ពុជា បន្តរក្សា និងប្រែក្លាយសន្តិភាព ទៅជាការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ២០៥០។
នៅក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឆ្លើយតបទាក់ទងទៅនឹងការវិនិយោគ ដោយបានបង្ហាញប្រាប់ទៅលោកសាស្ត្រាចារ្យបណ្ឌិត ថា សម្រាប់ក្នុងបរិបត្តិប្រទេសកម្ពុជា ការវិនិយោគទៅលើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការ ក្នុងនោះ សម្ដេច បានរំលេចអំពីការវិនិយោគទៅលើប្រព័ន្ធស្រោចស្រព ដែលជាគោលនយោបាយអាទិភាព និងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ ។ សម្ដេចតេជោ បន្តថា បញ្ហាកសិកម្ម នៅក្នុងនោះ ប្រទេសកម្ពុជា ក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការកែច្នៃនូវផលិតផលរបស់កម្ពុជា។ សម្ដេចបានលើកជាឧទាហរណ៍ថា ប្រទេសកម្ពុជា មានការផលិតស្វាយចន្ទីឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិច ។ ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជាវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង