អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា នៅវេលាម៉ោង១០ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនសំណង់សៀងហៃ(SCG)បានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រលោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។
ស្ពានទាំងមូលចែកចេញជា៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រលោះផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់មានចំនួន៦ប្រលោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រលោះ។
បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង ៧,៨០៦គីឡូម៉ែត្រ) និងផ្លូវខ្នែងមានចំនួន៤ខ្សែប្រវែងសរុប ១៦,២០៨ គីឡូម៉ែត្រ សម្រេចលទ្ធផល ៦៩,៩១%។
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅកំលុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ៕