អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ សហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរការងារ មិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំ ប្រារព្ធធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់” ក្រោមអធិបតីភាព លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានសមាជិកសមាជិកាចូលរួមចំនួន ៦០០នាក់។
បន្ទាប់ពីលោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ( ១ឧសភា១៨៨៦ ១ឧសភា ២០២៥) រួចមកមានប្រសាសន៍នោះ លោក ឌី រ៉ាដូអភិបាលរងខេត្តក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានមានថ្លែងលើកទឹកចិត្តឱ្យមន្ទីរអង្គភាពជំនាញទាំងអស់ ប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជក ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាម ស្តង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឲ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាពនិងកាន់តែមាន ភាពទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើនជាបន្តបន្ទាប់។
ជាពិសេសត្រូវបង្កើតនូវយន្តការឆ្លើយតប ទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយ កម្ម ទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គម ជូនដល់កម្មករ កម្មការិនី និង យុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ ។ ម៉្យាងទៀតចំពោះបញ្ហាវិវាទការងារ សូមឲ្យបងប្អូនយើងមានការអត់ធ្មត់ធ្វើការដោះស្រាយដោយសន្តិវិធី តាមនីតិវិធីច្បាប់ស្តីពីការងារ ដែលមានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកសម្របសម្រួល ជៀសវាងការធ្វើបាតុកម្ម កូដកម្មនៅតាមទីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ខេត្តរបស់យើង ឬ ការបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនផងដែរ។
លោក អភិបាលរងខេត្ត បានលើកឡើងដែរថា ការជ្រើសយកប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់»នេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ត៕

អត្ថបទដែលជាប់ទាក់ទង