ក្រុមហាម៉ាស ៖ គ្មានន័យក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាឡើយ ព្រោះសង្រ្គាមស្រេកឃ្លានរបស់អ៊ីស្រាអែល
យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមប៉ាឡេស្ទីនឲ្យដឹងថា ក្រុមហាម៉ាស នឹងមិនចូលរួមក្នុងការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលទៀតទេ ដោយមើលឃើញថាគ្មានចំណុចណាមួយត្រូវចរចា ដរាបណាសង្រ្គាមស្រេកឃ្លាន និងសង្រ្គាមសម្លាប់រង្គាលក្រោមដៃអ៊ីស្រាអែល នៅតែបន្តលើតំបន់ហ្កាហ្សាស្ទ្រីប ។
មន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Basem Naim បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហគមន៍អន្តរជាតិត្រូវតែដាក់សម្ពាធលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឱ្យបញ្ចប់ឧក្រិដ្ឋកម្មនៃភាពអត់ឃ្លាន ការស្រេកឃ្លាន និងការកាប់សម្លាប់ ក្នុងតំបន់ហ្កាហ្សា។
លោកបាននិយាយថា គ្មានន័យទេក្នុងការចូលរួមកិច្ចពិភាក្សា ឬពិចារណាលើសំណើបទឈប់បាញ់ថ្មី ដរាបណាសង្រ្គាមអត់ឃ្លាន និងសង្រ្គាមសម្លាប់ផ្តាច់ពូជនៅតែបន្តក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ការអត្ថាធិប្បាយរបស់លោក Naim បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Netanyahu បាននិយាយថា ចំនួនប្រជាជនក្នុងដែនដីហ្កាហ្សា នឹងត្រូវបានផ្លាស់ប្តូរទីតាំងថ្មីចេញពីតំបន់នេះ ក្នុងប្រតិបត្តិការយោធាដែលបានពង្រីកនាពេលខាងមុខដោយកងកម្លាំងអ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថានឹងរួមបញ្ចូលទាំងការដណ្តើមយកតំបន់ហ្កាហ្សាស្រ្ទីបនិងការកាន់កាប់ដែនដីនេះទាំងមូល ។
ស្ទើរតែទាំងអស់នៃអ្នកស្រុក២,៣ លាននាក់ នៅហ្កាហ្សាត្រូវបានភៀសខ្លួនជាច្រើនដងចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើដែនដីប៉ាឡេស្ទីនមួយនេះ កាលពីខែតុលាឆ្នាំ២០២៣៕