ឯកឧត្តមអភិសន្តិបណ្ឌិត ស្នើក្រសួងនីមួយៗ ជំរុញមន្ត្រីបម្រើសេវានៅច្រកចេញចូលតែមួយកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅកាន់ក្រសួងស្ថាប័ននីមួយៗ ដែលបញ្ជូនមន្ត្រីរបស់ខ្លួន ទៅបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមយន្តការច្រកចេញចូលតែមួយ ត្រូវពង្រឹងសមត្ថភាពរបស់ពួកគេ ឲ្យបំពេញការងារកាន់តែមានប្រសិទ្ធភាព និងទទួលការគាំទ្របន្ថែមពីពលរដ្ឋ ។
ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ប្រចាំឆ្នាំ២០២៤ នៃការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលការកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងមានភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល មានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការរៀបចំកែសម្រួល ឬដាក់ចេញនូវសេចក្ដីណែនាំបច្ចេកទេស សម្រាប់ការផ្ដល់សេវារដ្ឋបាល តាមវិស័យជំនាញនីមួយៗ ត្រូវណែនាំឱ្យមន្ទីរជំនាញរបស់ខ្លួន ផ្ដល់ការគាំទ្រឱ្យបានពេញទំហឹង ដល់កិច្ចដំណើរការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ។
ឯកឧត្តមបន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការផ្ដល់សេវារដ្ឋបាល តាមវិស័យជំនាញនីមួយៗ ត្រូវបន្តកិច្ចសហការល្អ ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារ ផ្ដល់សេវារដ្ឋបាល ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងធានាប្រសិទ្ធភាព ការផ្ដល់សេវារដ្ឋបាលទាំងនោះ និងចូលរួមដោះស្រាយបញ្ហាប្រឈមដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានជួបប្រទះ ។
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៣ ទី១. គឺបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុង ឆ្នាំ២០២៤ កន្លងមក របស់យន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ទី២.ការចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវា តាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយបណ្តឹងរបស់ពលរដ្ឋ ជុំវិញការផ្តល់សេវារដ្ឋបាលដោយការិយាល័យប្រជាពលរដ្ឋ និង៣. ជាវេទិកាសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាពិគ្រោះយោបល់អំពីបញ្ហាប្រឈម ឬលើកឡើងនូវសំណើសំណូមពរនានា ៕

អត្ថបទដែលជាប់ទាក់ទង