មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ សមិទ្ធផលថ្មីៗរបស់កម្ពុជា កើតឡើងដោយសារកត្តាសន្តិភាព
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សមិទ្ធផលនានា ដែលបានរីកដុះដាល និងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ក្នុងការអញ្ជើញជាគណអធិបតីក្នុងពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផលនានា ក្នុងទីអារាមវត្តមុសិខារាម ហៅវត្តផ្តៅជុំ ស្ថិតនៅក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដោយមានការយាងពី សម្តេចព្រះវ័នរត កិត្តិបណ្ឌិត មួង រ៉ា សង្ឃនាយករងទី២ គណៈមហា និកាយ រួមនឹងអាជ្ញាធរមូលដ្ឋានស្រុកជើងព្រៃ ។
ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា សមិទ្ធផលថ្មីៗដែលកើតឡើងជាហូហែរគឺបានមកពីការខិតខំប្រឹងប្រែង ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តរហូតដល់បច្ចុប្បន្ន មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្ត្រី។ ដូច្នោះយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព មួយនេះ ដើម្បីការអភិវឌ្ឍបន្ថែមទៀត។
ឯកឧត្តម ឯក រដ្ឋ បានបញ្ជាក់ទៀតថា អ្វីដែលនៅសេសសល់ឬខ្វះចន្លោះនោះ រាជរដ្ឋាភិបាលនឹងបន្តបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនទៀត។
ទន្ទឹមនឹងនេះដែរសម្តេចព្រះវ័នរត កិត្តិបណ្ឌិត មួង រ៉ា សង្ឃនាយករងទី២ គណៈមហា និកាយ ក៏បានប្រទានឱវាទដែរថា វិស័យពុទ្ធិចក្របច្ចប្បន្នដើរតួយ៉ាងសំខានក្នុងការអភិវឌ្ឍ ប្រទេសគួរឲ្យកត់សម្គាល់ ពោលគឺសំដៅរួមគ្នាថែរក្សានូវអ្វីដែលមានស្រាប់កុំឲ្យបាត់បង់ នាពេលបច្ចុប្បន្នឲ្យបន្តដល់អនាគតក្រោមដំបូងសុខសន្តិភាព ៕