លោក Putin ស្នើឱ្យផ្អាកសង្គ្រាមនៅអ៊ុយក្រែន ជាផ្នែកនៃកិច្ចពិភាក្សាសន្តិភាពផ្ដួចផ្ដើមដោយ លោក Trump

យោងតាមរបាយការណ៍ពីសារព័ត៌មាន Financial Times លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានស្នើឱ្យផ្អាកសង្រ្គាមនៅអ៊ុយក្រែន ជាផ្នែកនៃកិច្ចចរចាសន្តិភាពសម្របសម្រួលដោយរដ្ឋបាលលោក Trump ។
ក្នុងយុទ្ធនាការបញ្ចប់សង្គ្រាម លោកប្រធានាធិបតីអាមេរិក Donald Trump បានសន្យាម្តងហើយម្តងទៀតថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោង ក្រោយឡើងកាន់តំណែង ប៉ុន្តែកិច្ចចរចាសន្តិភាពបានបរាជ័យក្នុងការដំណើរការលើសពីបទឈប់បាញ់ពីរផ្នែក និងបណ្តោះអាសន្ន។
លោកប្រធានាធិបតីមានការខកចិត្តកាន់តែខ្លាំងចំពោះដំណើរការនេះ ហើយក្រុមមន្ត្រីរបស់លោក Trump បានលើកឡើងថា សហរដ្ឋអាមេរិកអាចនឹងបោះបង់ចោលការចរចាសន្តិភាព ប្រសិនបើពួកគេមិនឈានដល់បទឈប់បាញ់បញ្ឈប់សង្រ្គាមក្នុងពេលឆាប់ៗនេះ។ គេមិនច្បាស់ទេថាតើនោះនឹងមានន័យថាបញ្ចប់ជំនួយយោធាអាមេរិកដល់អ៊ុយក្រែន ដែលចាំបាច់សម្រាប់ការការពារខ្លួនដែរឬយ៉ាងណានោះទេ។
លោក Putin ត្រូវបានគេរាយការណ៍ថា បានប្រាប់បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff អំឡុងកិច្ចប្រជុំនៅទីក្រុងសេន ភីធើស្បើក (St. Petersburg) កាលពីដើមខែនេះថា លោកមានឆន្ទៈក្នុងការបញ្ឈប់សង្រ្គាមនៅសមរភូមិជួរមុខបច្ចុប្បន្ន។
នោះមានន័យថា ទីក្រុងមូស្គូនឹងបោះបង់ការទាមទាររបស់ខ្លួនលើតំបន់កាន់កាប់ដោយផ្នែកចំនួនបួនរបស់អ៊ុយក្រែន ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវ (Kyiv) ។
នេះជាលើកទីមួយហើយ ដែលមេដឹកនាំរុស្ស៊ី បង្ហាញឆន្ទៈណាមួយ ក្នុងជំហានដកថយ ពីការទាមទារដ៏ម៉ឺងម៉ាត់ បន្ថែមទៀតរបស់លោក សម្រាប់កិច្ចព្រមព្រៀងសន្តិភាព។ ទាំងនេះរួមបញ្ចូលទាំង ការជំនួសតំណែងរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បញ្ជាឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹតភាព និងបោះបង់មហិច្ឆិតាក្នុងការចូលរួមជាមួយអង្គការណាតូ និងបង្ខំឱ្យទទួលស្គាល់ការទាមទាររបស់រុស្ស៊ីលើដែនដីឧបសម្ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង