នេះឬជីវិត! គ្រួសារមួយទោះជាជីវភាពក្រីក្រក្ដី ប៉ុន្តែមានសុភមង្គលណាស់ ប៉ុន្តែអ្វីៗ សុភមង្គលបានរលាយសាបសូន្យបាត់អស់ ថៅកែកុងស៊ីកាប់គោប្ដឹង ប្តីដាក់គុករយៈពេល១ឆ្នាំ កូនៗបានប្រាប់រឿងប្រពន្ធមានប្រុសថ្មីនេះ គាត់ក៏បានសួរថា «តើរវាងប្ដី និងប្រុសថ្មីយកមួយណា? ប្រពន្ធឆ្លើយថាយកប្ដី » ទីបំផុតនៅជាមួយប្រពន្ធបាន១២ថ្ងៃ ប្រពន្ធក៏នាំកូនរត់ចោលគាត់បាត់

ភ្នំពេញ ៖ គ្រួសារមួយទោះជាជីវភាពក្រីក្រក្ដី ប៉ុន្តែមានសុភមង្គលណាស់ ប្ដីប្រពន្ធចេះយល់ចិត្តគ្នា ហើយក្រោយពីចាប់ដៃគ្នារយៈពេលជិត២០ឆ្នាំ គ្រួសារមួយមកបង្កើតបានកូនប្រុស និងកូនស្រីចំនួន៤នាក់ និងបានផ្លាស់ទីមករស់នៅផ្ទះជួលរកស៊ីនៅរាជធានីភ្នំពេញ រយៈពេល៩ឆ្នាំកន្លងមកហើយ ។
ដោយបុរសជាប្ដីធ្វើជាកម្មករដឹកសាច់គោឲ្យកុងស៊ីកាប់គោមួយកន្លែង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ចំណែកស្ត្រីជាប្រពន្ធធ្វើជាកម្មការិនីរោងចក្រស្បែកជើងនៅភ្នំពេញ ។ ប៉ុន្តែអ្វីៗមិនទៀងទាត់ឡើយ សុភមង្គលបានរលាយសាបសូន្យបាត់អស់នៅពេលដែលប្ដីត្រូវមិត្តភក្ដិបោកយកម៉ូតូ១គ្រឿង ដែលថៅកែទិញឲ្យជិះសម្រាប់ដឹកសាច់គោទៅបាត់ បន្ទាប់មកត្រូវបានថៅកែកុងស៊ីកាប់គោខាងលើប្ដឹងដាក់គុករយៈពេល១ឆ្នាំ ។

នៅក្នុងពេលកំពុងជាប់គុក ស្រាប់តែប្រពន្ធមានប្រុសថ្មីទៀត លុះពេលបុរសជាប្ដីចេញពីគុកមកវិញកូនៗបានប្រាប់រឿងប្រពន្ធមានប្រុសថ្មីនេះគាត់ក៏បានសួរថា «តើរវាងប្ដី និងប្រុសថ្មីយកមួយណា? ប្រពន្ធឆ្លើយថាយកប្ដី » ប៉ុន្តែទីបំផុតនៅជាមួយគ្នាបាន១២ថ្ងៃប៉ុណ្ណោះ ប្រពន្ធក៏នាំកូនរត់ចោលគាត់បាត់ ។
ក្រោយពេលមានរឿងបែបនេះកើតឡើង នៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បុរសជាប្ដីបានកាន់រូបថតប្រពន្ធ និងសំបុត្រអាពាហ៍ពិពាហ៍ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ ហៅប្រពន្ធមកជួបដោះស្រាយគ្នាផ្ដិតមេដៃលែងលះគ្នាចែកកូន និងទ្រព្យសម្បត្តិគ្នាបញ្ចប់រឿង ។
បុរសជាប្ដីឈ្មោះប៉ុន ប៉ុល អាយុ៤៥ឆ្នាំ អតីតជាកម្មករដឹកសាច់គោឲ្យកុងស៊ីកាប់គោមួយកន្លែងនៅឃុំទួលព្រេជស្រុកអង្គស្នួល ខេត្តកណ្ដាល មានស្រុកកំណើតនៅភូមិរាយប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ស្ត្រីជាប្រពន្ធឈ្មោះ ចន ចាន់ថន អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្បែកជើងយីង ដុង នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មានស្រុកកំណើតភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម អ្នកទាំង២មានកូនប្រុសចំនួន៣ និងកូនស្រី១នាក់ ហើយកូនប្រុសច្បងអាយុ១៤ឆ្នាំ និងកូនស្រីពៅអាយុ៥ឆ្នាំ ។
បុរសជាប្ដីបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា គាត់ និងប្រពន្ធបានរៀបការជាមួយគ្នា កាលពីអំឡុងឆ្នាំ២០០៦ មកម្ល៉េះគិតរហូតមកដល់ឆ្នាំ២០២៥នេះ បានរយៈពេល១៩ឆ្នាំហើយ កាលពីមុនគ្រួសារគាត់មានសុភមង្គលខ្លាំងណាស់ មិនដែលមានបញ្ហាអ្វីទេ ។ ក្រោយពីរៀបការរួចច្រើនឆ្នាំ ដោយពិបាករកស៊ីនៅឯស្រុកកំណើតពេក គាត់ និងប្រពន្ធបានសម្រេចចិត្តនាំកូនចាកចេញពីស្រុកកំណើតមករស់នៅផ្ទះជួលមួយ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរហូតមកដល់ពេលនេះស្នាក់នៅផ្ទះជួលបានរយៈពេល៩ឆ្នាំហើយ ។
លោកបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលមកដល់ភ្នំពេញភ្លាមគាត់បានចាប់យកមុខរបរជាកម្មករដឹកសាច់គោឲ្យកុងស៊ីកាប់គោមួយកន្លែង នៅជិតភ្នំប្រសិទ្ធ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើរដាក់ឲ្យម៉ូយនៅម្ដុំផ្សារកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ពេលនោះគាត់គ្មានម៉ូតូផ្ទាល់ខ្លួនសម្រាប់ជិះទេ គឺថៅកែបានទិញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ឲ្យជិះដឹកសាច់គោ ហើយដល់ម៉ោងត្រូវដឹកទើបជិះចេញពីផ្ទះជួលទៅដឹក លុះដឹកដាក់ឲ្យម៉ូយរួចរាល់ ទើបត្រឡប់មកស្នាក់នៅផ្ទះជួលជួបប្រពន្ធកូនវិញ ។
បុរសនេះ បានប្រាប់ឲ្យដឹងបន្ថែមថា គាត់ និងប្រពន្ធខិតខំរួមដៃគ្នារកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងអនាគតកូនៗ ដោយសង្ឃឹមថា មានសុភមង្គលរហូត ប៉ុន្តែមិននឹកស្មានថា អ្វីៗបានប្រែប្រួលអស់ត្រឹមមួយប៉ព្រិចភ្នែក ដោយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានមិត្តភក្ដិរបស់គាត់ម្នាក់ បានខ្ចីម៉ូតូដឹកសាច់គោគាត់ជិះ រួចក៏បានបោកយកទៅបាត់ស្រមោល ។
បន្ទាប់មកថៅកែសាច់គោបានដាក់ពាក្យប្ដឹង ហើយនគរបាលប៉ុស្តិ៍ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានចាប់ខ្លួនគាត់ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បន្ទាប់មកក៏បានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកណ្ដាល ហើយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គាត់បានជាប់ពន្ធនាគារខេត្តកណ្ដាល ។
លោកបានបញ្ជាក់ប្រាប់បន្ថែមផងដែរថា ក្នុងអំឡុងពេលជាប់ពន្ធនាគារគាត់មិនបានដឹងថាប្រពន្ធបែកចិត្តនោះទេ ស្មានថា ប្រពន្ធនៅតែស្មោះ អាណិតស្រលាញ់គាត់ គ្រប់គ្រងកូនឲ្យបានល្អ រង់ចាំគាត់មកវិញ ហើយក្រោយជាប់បានរយៈពេល១ឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈ ២០២៥ គាត់ត្រូវបានដោះលែងឲ្យចេញមានសេរីភាពឡើងវិញ ។ លុះក្រោយពេលចេញបាន២ថ្ងៃ គាត់បានសុំលុយប្រពន្ធចំនួន៥ម៉ឺនរៀល ដើម្បីទៅស្រុកកំណើតឲ្យឪពុកម្ដាយស្រោចទឹកឲ្យជ្រះចង្រៃ ។ បន្ទាប់មកបានត្រឡប់មករស់នៅជាមួយប្រពន្ធកូនវិញ ពេលនោះកូនគាត់បានប្រាប់ថា «ម៉ែមានប្រុសថ្មីទៀតយូរហើយ ជួនកាលយកមកដេកនៅជាមួយគ្នាក្នុងបន្ទប់ជួលយើង និងពេលខ្លះទៀតម៉ែបានទៅដេកនៅបន្ទប់ខាងប្រុសនោះ» ។

អត្ថបទដែលជាប់ទាក់ទង