ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ

នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមបានចុះធ្វើការជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។
ក្នុងឱកាសនេះ ក្រុមការងារក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង និងខេត្តព្រះសីហនុ បានចុះពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ៤កន្លែង ទី១)ស្ថានីយស្រុកភ្នំស្រួច ស្ថិតក្នុងឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី២)ស្ថានីយស្រែអំបិល ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិលខេត្តកោះកុង ទី៣)ស្ថានីយកំពង់សិលា ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទី៤)ស្ថានីយព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្រុមការងារបានអនុវត្តការងារមួយចំនួនដូចជា៖ ទី១)ត្រួតពិនិត្យ និងផ្លាស់ប្តូរអង់តែនម៉ូដឹម ទី២)ត្រួតពិនិត្យ និងផ្លាស់ប្តូរអាគុយ ស្ថានីយកំពង់សិលា ទី៣)ត្រួតពិនិត្យ DATA LOGGER ដើម្បីឱ្យការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនកុំព្យូទ័រមេដំណើរការល្អ ទី៤)ត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍វាស់កម្រិតទឹកភ្លៀង និងទី៥)ត្រួតពិនិត្យឧបករណ៍វាស់សីតុណ្ហភាព សំណើមបរិយាកាស ទិសខ្យល់ ល្បឿនខ្យល់ សម្ពាធបរិយាកាស និងសម្អាតទីធ្លាស្ថានីយ៕

អត្ថបទដែលជាប់ទាក់ទង