ប្តីខ្ចីវ័យក្មេង ប្រពន្ធក្មេងខ្ចី មិនទាន់ចេះថ្នមចិត្ត ឈានទៅបង្កហិង្សា

បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ រ៉ន សុកានរក្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ សាន សារ៉ុម ភេទប្រុស អាយុ២២ឆ្នាំ(ជាប្តី) ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ-សង្កាត់ ។

កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ រួមនឹងវត្ថុតាងកូនកាំបិត០១ដេីម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងកាលពីថ្ងទី១៧ខែមីនាឆ្នាំ២០២៥ថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានប្រេីហិង្សាលេីប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនប្រចណ្ឌប្រពន្ធ ឈានដល់ឈ្លោះប្រកែកគ្នា ហេីយប្រពន្ធបានយកកូនកាំបិត ប្រតាយប្រតបគ្នា ទេីបបណ្តាលឱ្យប្រពន្ធរងបួសដោយផ្លែកាំបិតចំនួន៣កន្លែង។ ជនសង្ស័យបានសារភាពទៀតថា ខ្លួនបានប្រេីប្រាស់គ្រឿងញៀនផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង