គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្ត្រី ១នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរស និងស្ត្រី ២នាក់ ផ្សេងទៀត បានរងរបួសធ្ងន់

សៀមរាប៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្ត្រី ១នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរស និងស្ត្រី ២នាក់ ផ្សេងទៀត បានរងរបួសធ្ងន់នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២៤៣-២៤៤ ស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
ហេតុការណ៍នេះ កើតឡើង ដោយសាររថយន្ត ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3G-0126 សេរីឆ្នាំ២០០៣ បើកបរក្នុងទិសដៅពីខាងកើតទៅខាងលិច អ្នកបើកបរ ឈ្មោះ ឃុន សុខលាប ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅ នៅភូមិគិរី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ត្រូវបានឃាត់ខ្លួន) បានធ្វើដំណើរមកដល់ចំណុចកើត ហេតុ ខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក Honda Dream សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1T-8455 បើកបរក្នុងទិសដៅពីខាងត្បូងទៅ ខាងជើង អ្នកបើកបរឈ្មោះ ហ៊ុយ ផៃ ភេទប្រុស អាយុ ៥៦ឆ្នាំ រងរបួសធ្ងន់ (ពាក់មួកសុវត្ថិភាព) មានទីលំនៅ នៅភូមិស្លែង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បានដឹកមនុស្សចំនួន ២នាក់ គឺឈ្មោះ មុី លេន ភេទស្រី អាយុ ៥៩ ឆ្នាំ ត្រូវជាប្រពន្ធ របស់អ្នកបើកម៉ូតូ (ស្លាប់ និងអត់ពាក់មួកសុវត្ថិភាព) និងឈ្មោះ ប៊ត ងួន ភេទស្រី អាយុ ៣០ ឆ្នាំ រងរបួសធ្ងន់ (អត់ពាក់មួកសុវត្ថិភាព) មានទីលំនៅ នៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។


មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នក បើកបរទាំងសងខាង បើកបរដោយខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុកជីក្រែង បានចុះដល់កន្លែងកើត ហេតុ ធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកជីក្រែង ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង