សិស្សនៃវិទ្យាល័យទួរអំពិលម្នាក់ បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបើកបរម៉ូតូ ក្នុងល្បឿនលឿន វ៉ាជែង ខ្វះការប្រុងប្រយ័ត្ន បុកជាមួយនឹងរថយន្តមួយគ្រឿង បណ្ដាលឲ្យស្លាប់ភ្លាមៗ
ភ្នំពេញ៖ នៅ រសៀល ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវស្វាយជួរ ស្ថិតនៅខាងក្រោយសាលាសង្កាត់ព្រែកលៀប ភូមិស្វាយជួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ដំបូងគេបានឃើញយុវជនចំនួន៥នាក់ជិះម៉ូតូ៣ គ្រឿងពីទិសខាងត្បូងទៅទិសខាងជើង រីឯជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯង។ លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោងខ្លាំង ហើយមានភ្លៀងខ្លាំងផងនោះក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តហ្វដដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលអោយជនម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
សពជនរងគ្រោះមានឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យទួលអំពិលចំការដូង មានអាសយដ្ឋានបច្ចុប្បន្ន រស់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុងបុរីពិភពថ្មីចំការដូង។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF- 6654 រីឯរម្ចាស់រថយន្តហ្វដពណ៌ទឹកប្រាក់ដឹកអ្នកដំណើរ។ ក្រោយពេលកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តហ្វដពាក់ស្លាកលេខ ភ្នំពេញ 2AX -1392 ។
រថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕