មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកមនុស្សម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈម៉ូតូ២គ្រឿងបុកគ្នា
ខេត្តកំពង់ស្ពឺ ៖ កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤១ ចំណុចភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1W-2200 បើកបរដោយឈ្មោះ ឆឹង ចន្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤១ ក្នុងទិសដៅ ពីទិសខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1O-5158 បើកបរដោយឈ្មោះ វល្លិ ង៉ុក ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះ អ៊ុ សិលា ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងពីរនាក់នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឱ្យស្លា.ប់មនុស្ស២នាក់ នៅកន្លែងកើតហេតុភ្លាមៗតែម្តងនិងរបួសធ្ងន់មនុស្ស ម្នាក់ទៀត។
ក្រោយកើតហេតុនគរបាលជំនាញចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ដឹកយកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯសពជនរងគ្រោះចំនួន២នាក់ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕