ម្ចាស់កសិដ្ឋានក្រពើដ៏ធំ នៅសៀមរាប បានធ្លាក់ចូលអាងក្រពើរបស់ខ្លួន ហើយក្រពើខាំត្របាក់ដាច់ជើង និងដៃទាំងពីរ បណ្តាលឱ្យស្លាប់
សៀមរាបៈ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២៣នេះ ម្ចាស់កសិដ្ឋានក្រពើដ៏ធំ នៅសៀមរាប និងជាប្រធាន សមាគមក្រពើផងនោះ បានធ្លាក់ចូលអាងក្រពើរបស់ខ្លួន ហើយក្រពើខាំត្របាក់ដាច់ជើង និងដៃទាំងពីរ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធម្មបំផុត។
ជនរងគ្រោះ ឈ្មោះ លួន ណាំ អាយុ ៧២ ឆ្នាំ រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់–ក្រុងសៀមរាប ខេត្តសៀមរាប ។ នៅវេលា ម៉ោង ប្រហែលជាង ៥ ព្រឹកទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះបុរសរងគ្រោះ បានដើរហាត់ប្រាណ ក៏បានធ្លាក់ចូលអាងក្រពើ បណ្តាលឱ្យក្រពើខាំ ត្របាក់ រហូតដល់ស្លាប់ នៅក្នុងអាងក្រពើនៅផ្ទះរបស់គាត់តែម្តង។
ករណីនេះដែរ ធ្វើឱ្យមានការភ្ញាក់ផ្អើល ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទាំងព្រឹកព្រលឹម ព្រោះថា ជនរងគ្រោះ ជាអ្នកមានមុខមានមាត់ម្នាក់ នៅក្រុងសៀមរាប និងជាអ្នកបរិច្ចាគទាន ជាបន្តបន្ទាប់ កសាងវិស័យពុទ្ធចក្រ និងអាណាចក្រ យ៉ាងច្រើន សម្រាប់សង្គមជាតិ ថែមទៀតផង៕