បុរសម្នាក់ ជាជនជាតិចិន ស្រវឹងស្រា បានបើករថយន្តស្តារិចមួយគ្រឿង រេចង្កូតជ្រុលទៅបុក ខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅ
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០២៣នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AN.1175ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីកើតទៅលិចដោយបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុកខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅបែកបាក់បន្ទិចបន្ទួច និងក្រពឹតបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ភ្លាមៗនោះដែរអ្នក បើករថយន្តបានចេញពីក្នុងរថយន្តមានសភាពស្រវឹងស្រាបានគេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានបានចុះមកដល់ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី ៕