បុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រី៣នាក់ បើករថយន្តយ៉ាងលឿនមិនប្រយ័ត្ន បួងចង្កូតឡើងលើខឿនផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើមរាបដល់ដី
ភ្នំពេញ ៖ នៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ R៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខបន្ទាយមានជ័យ 2C-1777 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រី២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ R៨ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុពុំដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃឡើងលើខឿនផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបាក់រាបដល់ដី ចំណែកឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់ទៅ។
សមត្ថកិច្ចជំនាញចរាចរណ៍រាជធានីឱ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕