ជនសង្ស័យ២នាក់ ទៅតុលាការ ករណីសំណុំរឿង កាន់អាវុធគំរាមកំហែងអ្នកលក់ស្រាបៀរ

ជនសង្ស័យ២នាក់ ទៅតុលាការ ករណីសំណុំរឿង កាន់អាវុធគំរាមកំហែងអ្នកលក់ស្រាបៀរ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុអញ្ញាតិ (គំរាមកំហែងអាជីវករលក់ស្រាបៀរ) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ជនសង្ស័យ១.ឈ្មោះ សាត សុភាព ហៅ ភាព ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរម៉ៅការសំណង់ ទីលំនៅផ្ទះលេខB១៤ ផ្លូវលំ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ និង២.ឈ្មោះ ប៉ាត់ រតនៈ ហៅ ណាក់ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខB៣៧ ផ្លូវបេតុង បុរីជឿន សារិន ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរង គ្រោះឈ្មោះ ស សាបាន ភេទស្រី អាយុ៦២ ឆ្នាំ មុខរបរលក់ដូរ ។

ជនសង្ស័យទាំងពីរនាក់នេះ បានក្លែងបន្លំខ្លួនធ្វើជាមន្រ្តីយោធា ជាអង្គរក្ស និងជាអ្នកសារព័ត៌មាន ហើយកាន់កាប់ និងប្រើប្រាស់អាវុធ បណ័្ណសម្គាល់ខ្លួន និងឯកសណ្ឋានក្លែងក្លាយ ទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ។ ជាក់ស្តែងមុនកើតហតុស្រ្តីម្នាក់(រងគ្រោះ)បាន និងកំពុងលក់ដូរនៅផ្ទះ ក៏ត្រូវជនសង្ស័យឈ្មោះ នួន សូផាត ហៅ ផាត (កំពុងគេចខ្លួន) ជាជនដៃដល់ បានដើរឆ្លងផ្លូវទៅទិញស្រាបៀរ ABC ចំនួន១២កំប៉ុង (កន្លះកេស) យកទៅផឹកស៊ីនៅផ្ទះ ដែលស្ថិតនៅទល់មុខគ្នាជាមួយបក្ខពួក១ក្រុម ។ ប៉ុន្តែនៅពេលទិញស្រាបៀរនោះ ជនសង្ស័យ (នួន សូផាត)មិនទាន់ឲ្យលុយទៅជនរងគ្រោះទេ ព្រោះនៅផឹកបន្ត ។

ក្រុមជនសង្ស័យទាំងនោះបានផឹករហូតដល់ម៉ោង២២ និង៤០ នាទីយប់មិនទាន់ឈប់ទេ ហើយជនសង្ស័យ(នួន សូផាត) បានដើរទៅទិញទឹកសុទ្ធ១យួរទៀត ពេលនោះជនរងគ្រោះក៏បានសួរ នាំ រឿងលុយថ្លៃស្រាបៀរកន្លះកេស ដែលគេ (ជនសង្ស័យ)ទិញកាលពីព្រលប់ ក្នុងគោលបំណងថា បើមិនទាន់សងទេគាត់ (អ្នកលក់) និងកត់ចូលបញ្ជីជំពាក់ ។ ដោយហេតុតែស្រាចូលក្នុងក្រពេះ ភ្លាមនោះជនសង្ស័យក៏ខឹងអ្នកលក់ ហើយបានស្រែកឡូឡាគំរាមកំហែង និងជេរប្រមាថទៅលើរងគ្រោះ ដែលមានវ័យចំណាស់ខ្លាំងៗដោយប្រើប្រាស់ពាក្យ អសុរស។ បន្ទាប់មកជនសង្ស័យបានរត់ទៅយកកាំភ្លើងខ្លីម៉ាក K59 ចេញពីក្នុងផ្ទះក្នុងគោលបំណងទៅបាញ់ជនរងគ្រោះ តែត្រូវបានបក្សពួក២ នាក់ឈ្មោះ សាត សុភាព និង ប៉ាត់ រតនៈ ចាប់ ដណ្តើមយកអាវុធពីដៃ ក៏ប៉ះកៃកាំភ្លើងធ្វើឱ្យផ្ទុះ១គ្រាប់ ត្រូវកូនដៃខាងឆ្វេង នួន សូផាត បណ្តាលឲ្យរងរបួស ។ បន្ទាប់ពីហេតុការនោះកើតឡើងឈ្មោះ ប៉ាត់ រតនៈ បានយកអាវុធខ្លីម៉ាកK59 ទៅលាក់ទុកក្នុងព្រៃ ចម្ងាយយប្រមាណ១០០ម៉ែត្រ រួចបាននាំគ្នារត់គេចខ្លួនបាត់អស់ មុនពេលកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចុះទៅដល់ តែពួកគេបានបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1HI-3586លេខតួ និងលេខម៉ាស៊ីន0000919 និងសំបកគ្រាប់កាំភ្លើង១គ្រាប់ ។
ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីសំណាក់លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ រហូត ដល់រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សាត សុភាព ហៅ ភាព និងឈ្មោះ ប៉ាត់ រតនៈ នៅចំណុចភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនដល់ដៃ (នួន សូផាត) មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង