Banner Detail Top

លោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ៖ ករណីរត់ជាន់គ្នាស្លាប់ នៅក្រុងសេអ៊ូល នៃប្រទេសសាធារណរដ្ឋកូរ៉េ ជនបរទេសចំនួន ២៦នាក់ បានស្លាប់ ក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ

លោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ៖ ករណីរត់ជាន់គ្នាស្លាប់ នៅក្រុងសេអ៊ូល នៃប្រទេសសាធារណរដ្ឋកូរ៉េ ជនបរទេសចំនួន ២៦នាក់ បានស្លាប់ ក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ

ភ្នំពេញ៖ គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ករណីរត់ជាន់គ្នាស្លាប់ នៅក្រុងសេអ៊ូល នៃប្រទេសសាធារណរដ្ឋកូរ៉េ មានជនបរទេសចំនួន ២៦នាក់ បានស្លាប់បាត់បង់ជីវិត ហើយក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ករណីនេះ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េ កំពុងបន្តតាមដានព័ត៌មានបន្តទៀត ដោយយកចិត្តទុកដាក់ ហើយបើបងប្អូនណាមានព័ត៌មាន អំពីការបាត់ដំណឹងមិត្តភ័ក្ដិ ឬបងប្អូននៅក្នុងហេតុការណ៍នេះ សូមមេត្តាផ្តល់ព័ត៌មានមកស្ថានទូតជាបន្ទាន់ ដើម្បីធ្វើការអន្តរាគមន៍ ហើយអាចទាក់ទងតាមលេខទូរស័ព្ទ 01075104324 ។


គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែតុលា មានករណីប្រជ្រៀតជាន់គ្នានៃពិធីបុណ្យ Halloween ក្នុងទីក្រុងសេអ៊ូល ដោយមានមនុស្សស្លាប់ចំនួន ១៥៣នាក់ ភាគ ច្រើនមានវ័យ ២០ឆ្នាំ ហើយក្នុងនោះមានជនបរទេសស្លាប់ចំនួន ២៦នាក់ ដែលមានជនជាតិចិន អ៊ីរ៉ង ជប៉ុន រុស្ស៊ី និងអូស្ត្រាលី ។
មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងស្រុក Itaewon របស់ទីក្រុងសេអ៊ូល សម្រាប់ការកាន់ទុក្ខកាលពីថ្ងៃ អាទិត្យដោយដាក់ផ្កា និងកាន់ទុក្ខជនរងគ្រោះក្នុងហេតុ ការណ៍ប្រជ្រៀតជាន់គ្នានៃពិធីបុណ្យ Halloween កាលពីថ្ងៃសៅរ៍ដែលបានបណ្ដាលឲ្យមនុស្សជាង ១៥០នាក់ស្លាប់។


គេជឿថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅក្នុងខណ្ឌ Itaewon សម្រាប់សកម្មភាពនានានៃពិធីបុណ្យនេះកាលពីយប់ថ្ងៃសៅរ៍។ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសពិធីកាន់ទុក្ខទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ និងបានបញ្ជាឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងនៅតាមអគាររដ្ឋាភិបាល និងការិយាល័យសាធារណនានា។
ថ្លែងអំឡុងសុន្ទរកថាតាមទូរទស្សន៍លោក Yoon បាននិយាយថា ការគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះ រួមទាំងការរៀបចំពិធីបុណ្យសពរបស់ពួកគេ ក៏ដូចជាការព្យាបាលរបួសគឺជាចំណុចចម្បងសម្រាប់រដ្ឋាភិបាលរបស់លោក។ ម្ចាស់អាជីវករផ្សេងៗនៅក្នុងស្រុក Itaewon បានព្យួរស្លាកមុខហាងរបស់ខ្លួនកាលពីថ្ងៃអាទិត្យដោយនិយាយថា បិទហាងសម្រាប់ពេលវេលាកាន់មរណទុក្ខ៕

អត្ថបទដែលជាប់ទាក់ទង