មៀនប៉ៃលិន មានផ្ទៃដីដាំដុះជាង ៣ពាន់ហិកតា និងទទួលបានទិន្នផលជាង ៣ម៉ឺនតោន
ភ្នំពេញ ៖ នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នំា២០២២នេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រនាញ់ និងនេសាទខេត្តប៉ៃលិន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តប៉ៃលិន” ថា ដំណាំសម្គាល់ភូមិសាស្រ្ដខេត្តប៉ៃលិន គឺមៀនប៉ៃលិន ដែលប្រជាពលរដ្ឋភាគច្រើន បានស្គាល់ថា ជាដំណាំតាង៉ែន។
នាពេលបច្ចុប្បន្ននេះ ដំណាំមៀនប៉ៃលិននេះ មានផ្ទៃដីដាំដុះចំនួន ៣,៣៦០ហិកតា ដោយមានការកើនឡើងពីពេលមុនជាង ១៥០ហិកតា។ ចំពោះទិន្នផល ដែលទទួលបានវិញ មានប្រមាណ ៤៣,៦៥០តោន ក្នុងមួយឆ្នាំៗ។ នេះបើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រនាញ់ និងនេសាទខេត្តប៉ៃលិន ដដែល។
លោក សាយ សុផាត បានថ្លែងថា «ខេត្តប៉ៃលិន យើងឃើញមានដំណាំមួយ ដែលយើងគួរយកចិត្តទុកដាក់ គឺដំណាំ មៀនប៉ៃលិននេះហើយ យើងនឹងយកចិត្តទុកដាក់ជំរុញ ការដាំដុះ និងផលិត ជាពិសេសផលិតភាពដំណាំ ឲ្យមានសក្ដានុពលកាន់តែខ្ពស់ឡើង ហើយធ្វើការឲ្យសមស្រប និងត្រូវតាមបច្ចេកទេស ដើម្បីឲ្យការនាំចេញ ជាពិសេសផលិតនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ឲ្យមានការទទួលស្គាល់ តាមស្ដង់ដារអនាម័យ»។
ជាមួយគ្នានេះមន្ទីរកសិកម្ម រុក្ខាប្រនាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំបង្កើតឲ្យមានសហគមន៍មៀនប៉ៃលិនមួយ ដោយមានសមាជិកប្រមាណ ១៩០គ្រួសារ ដែលសុទ្ធសឹងជាប្រជាកសិករដាំមៀន។ លើសពីនេះទៀត មន្ទីរក៏បានសហការជាមួយក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំកន្លែងវេចខ្ចប់ កែច្នៃ សម្រាប់ការនាំចេញទៅក្រៅប្រទេស ឲ្យមានស្ដង់ដារអនាម័យ ផងដែរ៕