ជ.ន.ស.ង្ស័.យ.០៦នាក់ត្រូវបានឃាត់ខ្លួនក្នុងករណី.ឃា.ត.ក.ម្ម.ស.ម្លា.ប់.មនុស្សមួយគ្រួសារដ៏.រ.ន្ធ.ត់.៖គ្រួសារជនរងគ្រោះចេះអំពើ.អា.ប.ធ្ម.ប់.

មណ្ឌលគិរី: លោក សូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់នៅ ថ្ងៃទី០៧ កុម្ភៈឆ្នំា២០២២នេះថា មូលហេតុដែលក្រុមជនសង្ស័យសម្លាប់មនុស្សទាំងគ្រួសារបែបនេះ ព្រោះក្រុមជនសង្ស័យសន្និដ្ឋានថា គ្រួសាររងគ្រោះ ពិសេស ស្ត្រីរងគ្រោះជាប្រពន្ធចេះធ្វើអំពើអាបធ្មប់ និងបណ្ដាលឲ្យសមាជិកគ្រួសារពួកគេម្នាក់បានស្លាប់ដោយសារជំងឺ និងកំពុងមានអ្នកឈឺបន្តទៀត ដូចនេះបើពួកគេមិនសម្លាប់គ្រួសាររងគ្រោះចោលនោះទេ នឹងមានអ្នកស្លាប់បន្តទៀត ។
រយៈពេលមិនដល់១សប្តាហ៍ផង ជនសង្ស័យចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីឃាតកម្មសម្លាប់មនុស្សមួយគ្រួសារដ៏រន្ធត់នៅខេត្តមណ្ឌលគិរី។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះដែរ គឺផ្ដើមចេញពីរឿងសង្ស័យថា គ្រួសាររងគ្រោះចេះធ្វើអំពើអាបធ្មប់ដាក់មកលើគ្រួសារពួកគេ និងពុំធ្លាប់មានទំនាស់អ្វីផ្សេងនោះទេ ។
ករណីនេះអ្នកចេញទៅធ្វើសកម្មភាពសម្លាប់មាន៤នាក់ និងបញ្ជាឲ្យទៅសម្លាប់២នាក់ ក្នុងចំណោមជនសង្ស័យចេញទៅសម្លាប់ទាំង៤នាក់ មានម្នាក់ឈ្មោះ ចន្ធី ព្វិត អាយុ១៨ឆ្នាំ ជាជនដៃដល់ វាយបន្ថែមសម្លាប់ និងជាអ្នកតាមទៅវាយសម្លាប់ម្ដាយ និងកូនតូចអាយុ៥ឆ្នាំ ក្រោយពីជនសង្ស័យបីនាក់ទៀត វាយទៅលើជនរងគ្រោះម្នាក់ត្រឹមមួយដំបងប៉ុណ្ណោះ។ ចំណែកក្មេងអាយុ១២ឆ្នាំ ដែលនៅមានជីវិតក៏ត្រូវឈ្មោះ ចន្ធី ព្វិត នេះវាយបន្ថែមបីដំបង និងស្មានថាស្លាប់ហើយ។
លោកស្នងការរងបានឲ្យដឹងទៀតថា អ្វីដែលគួរឲ្យតក់ស្លុតនៅពេលកំពុងធ្វើសកម្មភាពសម្លាប់ មានក្មេងប្រុសម្នាក់បានមកទិញភេសជ្ជៈនៅផ្ទះជនរងគ្រោះ ហើយក្មេងប្រុសម្នាក់នោះជាប្អូនបង្កើតរបស់ឈ្មោះរបស់ឈ្មោះ រឹម ខិន ជាជនសង្ស័យម្នាក់ក្នុងហេតុការណ៍នោះ ឃើញបែបនេះឈ្មោះ រឹម ខិន បានសុំទៅឈ្មោះ ចន្ធី ព្វិត សូមកុំវាយប្អូនរបស់ខ្លួន តែឈ្មោះ ចន្ធី ព្វិត មិនព្រមទេ និងបានវាយទៅលើក្មេងប្រុសម្នាក់នោះរហូតស្លាប់ ។
ករណីនេះក្រោយកោសល្យវិច្ច័យច្បាស់លាស់ ក្រុមជនសង្ស័យមិនបានប្រើកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះនោះទេ គឺប្រើដែកបូមម៉ូតូ ដំបងឈើ និងកាំបិត សម្លាប់ទៅលើជនរងគ្រោះទាំង៦នាក់ តែនៅរស់ម្នាក់។
ជនសង្ស័យទាំង៦នាក់ខាងលើរួមមាន៖
១- ចន្ធី ព្វិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង ជាមេក្លោងផ្តើមគំនិត
២- រឹម ធា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិព្នង (សហការី)
៣- រឹម ខិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (សហការី)
៤- ចន្ធី ឆ្វិត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង (សហការី)
៥- ខ្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្នង (បញ្ជាអោយសម្លាប់)
៦- នួន វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិព្នង (បញ្ជាអោយសម្លាប់)
ជនសង្ស័យទាំង០៦នាក់ មានទីលំនៅក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។
គួររម្លឹកថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊ើបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥ នាក់និងរបួសធ្ងន់ម្នាក់កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣:៣០ នាទីនៅចំណុចស្រែចោទ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង