ផ្លូវដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឲ្យសាងសង់ភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប សម្រេចបាន៧៥ភាគរយ, គ្រោងបញ្ចប់នៅខែកក្កដាខាងមុខ
(ភ្នំពេញ)៖ ដោយឈរលើការអនុវត្តការងារជាលក្ខណៈបុរេសកម្ម ក្នុងការអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ផ្លូវមួយខ្សែមានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ផ្លូវមួយខ្សែនេះជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ ក៏ដូចការដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតំបន់សក្ដានុពលទេសចរណ៍ ដ៏ទាក់ទាញនៅជាប់មាត់បឹងទន្លេសាប។
សូមជម្រាបជូនថា ផ្លូវមួយខ្សែនេះត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន ខេត្តសៀមរាប ដោយសម្រេចបានប្រមាណ ៧៥ភាគរយ គិតត្រឹមខែមិថុនា ហើយគ្រោងបញ្ចប់ការសាងសង់នៅខែកក្កដាឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រែក្លាយពីផ្លូវដី តូចចង្អៀតទៅជាបេតុង និងផ្លូវកៅស៊ូ៕