ខ្មែរក្រោម នាំស្បៀង និងសម្ភារៈប្រើប្រាស់ជូនកងទ័ពនៅព្រំដែនខ្មែរ-ថៃ បង្ហាញឱ្យឃើញស្មារតីរួបរួមក្នុងកិច្ចការពារទឹកដី

(ព្រះវិហារ)៖ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងគង់ និងរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកំពុងគង់ និងរស់នៅកម្ពុជាក្រោម បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លាយចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ព ដែលកំពុងរួមគ្នាយ៉ាងអង់អាច និងមុះមុតក្នុងកិច្ចការពារទឹកដីពីការឈ្លានរបស់កងទ័ពថៃ។
ការប្រឈមមុខដោះស្រាយជាមួយការឈ្លានពានរបស់ទ័ពថៃនាពេលនេះ នឹងត្រូវប្រើពេលវេលាវែងឆ្ងាយ ដែលទាមទារឱ្យខ្មែរគ្រប់ទីកន្លែងត្រូវប្តេជ្ញាពួតដៃគ្នាតស៊ូជាកម្លាំង ដើម្បីតតាំងជាមួយសត្រូវឈ្លានពាន។
ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិនត្រឹមគាំទ្រផ្នែកស្មារតីប៉ុណ្ណោះទេ តែក៏បានបង្កើតជាមូលនិធិរៃអង្គាសថវិកា ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗយកទៅជូនដល់កងទ័ពដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាននៅទល់ដែនកម្ពុជា-ថៃផងដែរ។
តាមរយៈមូលធិនីកើតចេញពីស្មារតី និងមនសិការដ៏ខ្ពង់ខ្ពស់ចំពោះជាតិមាតុភូមិនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា បានចូលរួមថវិកាទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើនយកទៅចែកជូនកងទ័ព។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ដឹកនាំដោយ លោក សឺន យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោមដេីម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ក្រោមការសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ពីលោក សាន សាង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបាននាំយកអំណោយទាំងនេះជូនដល់កងទ័ពជើងនៅជួរមុខ។
ដំណើរនាំយកស្បៀង និងសម្ភារប្រើប្រាស់ជូនដល់កងទ័ពនេះ ក៏មានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកមិត្តសមាគមខ្មែរកម្ពុជាក្រោម សមាគមខ្មែរកម្ពុជាក្រោមដេីម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ វត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា។
នៅចំពោះមុខនាយទាហាន នាយទាហានរង និងពលទាហាន សមរភូមិមុខ លោក សឺន យឿង បានសម្តែងការគោរព និងកោតសរសើរយ៉ាងខ្លាំងខ្លាចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពខ្មែរក្នុងកិច្ចការពារទឹកដី។ លោក សឺន យឿន បានលើកឡើងថា ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមរួបរួមជាស្មារតីយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល និងកងទ័ពលើការដោះស្រាយបញ្ហាព្រំដែន ក៏ដូចជាប្រឆាំងការឈ្លានពានទាំងឡាយ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារដែលបានយកទៅជូនកងទ័ពនេះរួមមាន៖ អង្ករ ៦២បាវ, មីជាតិ ១៥០កេស, គុយទាវភ្នំពេញ ៤០កេសធំ, ១៦០ កេសតូច, ទឹកត្រី+ទឹកស៊ីអុីវ ១២១យួរ, ត្រីខកំប៉ុង ១០កេស ស្មើនឹង ១,០០០កំប៉ុង, ទឹកបរិសុទ្ធ ២០កេស, សណ្តែកសៀង ៦កាដុង, ត្រីងៀត ១៣៦គីឡូក្រាម, ទឹកផ្លែឈើ ៥បាវ,តែកញ្ចប់ ១បាវ, ស្ករស ២បាវ, កាហ្វេទឹកដោះគោ ១១កញ្ចប់,មីខ្លាឃ្មុំ ៤កេស, តង់កៅស៊ូ២០, សឡាអាគុយ ចំនួន៤ និងសុីម៉ង់ត៍ ២.៥តោន៕

អត្ថបទដែលជាប់ទាក់ទង