ថ្ងៃទី២! គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ផ្ដើមជាមួយកិច្ចប្រជុំចង្អៀត មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម
(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ផ្ដើមកិច្ចប្រជុំថ្ងៃទី២របស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ជាមួយការប្រជុំចង្អៀតដូចថ្ងៃម្សិលមិញដែរ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម។
កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ កាលពីម្សិលមិញ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ដោយខ្លីថា «កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ លោករដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។
មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់៕