អត្តពលិកជាតិ និងអន្ដរជាតិ ៥០០០នាក់ មកពី ៤២ប្រទេស បានចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣
អត្តពលិកជាតិ និងអន្ដរជាតិ ៥០០០នាក់ មកពី ៤២ប្រទេស នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ បានចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ នៅសួនច្បារមុខវត្តបទុវតី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនៅរាជធានីភ្នំពេញនេះ មាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ២,៥គីឡូម៉ែត្រ ដែលរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួន ពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងផ្សព្វផ្សាយពីរាជធានីភ្នំពេញ ព្រមទាំងចូលរួមការងារសប្បុរសធម៌ផ្សេងៗផងដែរ៕