រសៀលនេះ! សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋ បារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេស បារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។
ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។
សន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។
ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក) ៕