ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអាហារថ្ងៃត្រង់ជាមួយលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា

នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចខិតខំប្រឹងប្រែងលើសន្តិសុខទឹក ពិនិត្យវឌ្ឍនភាព និងស្វែងរកឱកាសគាំទ្របន្ថែមទៀតជាមួយធនាគារពិភពលោកសម្រាប់ការវិនិយោគរយៈពេលវែង។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍លើកឡើងពីតួនាទីដ៏សំខាន់របស់បឹងទន្លេសាបចំពោះប្រទេសកម្ពុជាក្នុងការរក្សាតុល្យភាពទឹក សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជួយគ្រប់គ្រងជំនន់តាមរដូវ គាំទ្រដល់ផលិតភាពជលផលក្នុងស្រុក និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ លើសពីនេះបឹងទន្លេសាបសម្បូរទៅដោយជីវៈចម្រុះ និងតំបន់ដីសើមដែលជួយការពារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការពារប្រព័ន្ធអេកូឡូស៊ីផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំធនាគារពិភពលោកជួយដឹកនាំ និងសម្របសម្រួលក្នុងចំណោមដៃគូអភិវឌ្ឍន៍លើគំនិតផ្ដួចផ្តើមបឹងទន្លេសាប ការគ្រប់គ្រងនិងការស្តារអាងទន្លេសាបជាមួយនឹងការគាំទ្រការវិនិយោគរយៈពេលវែងពី៥ ទៅ១០ឆ្នាំ ជាពិសេសការស្តារឬសាងសង់អាងស្តុកទឹកនៅក្នុងអាងសំខាន់ៗ ដើម្បីធានាការផ្គត់ផ្គង់ទឹក រក្សាលំហូរទឹក និងធានាបានសន្តិសុខទឹក ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត កសាងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ដើម្បីបង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង