ឯកឧត្ដម ឌិត ទីណា ផ្តាំផ្ញេីប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ មានការរស់នៅស្អាត និងក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម

ភ្នំពេញ៖ បន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភាបានបិទបញ្ចប់ដោយជោគជ័យ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសកាកបាទក្រហមខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះចំនួន៤០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបុរី ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ៊ុ ពូ មីងចាស់ជរា និងបានរៀបចំអំណោយជួយគាំទ្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡេីយ។
លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសេីរនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីសាខាកាកបាទក្រហម ជាពិសេសប្អូនៗយុវជននៅតាមភូមិ-ឃុំ និងលេីកទឹកចិត្តបន្តចលនានេះឱ្យបានជាប់លាប់គ្រប់ទីកន្លែង សំដៅលេីកកម្ពស់ជីវភាព និងការរស់នៅឱ្យបានល្អប្រសេីរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញេីដល់អង្គពិធីត្រូវថែរក្សាសុខភាពឱ្យបានល្អ មានការរស់នៅស្អាត និងក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង